អ៊ីស្រាអែល កំពុងវាយតម្លៃការខូចខាតនៅទីក្រុង Dovev ជិតព្រំដែនជាមួយប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ធ្នូ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់ការប្រយុទ្ធឆ្លងព្រំដែនជាច្រើនខែជាមួយក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់។

ការវាយប្រហាររបស់ក្រុមហេសបូឡា បានសម្លាប់ជនស៊ីវិល៤៥នាក់នៅអ៊ីស្រាអែលភាគខាងជើង និងនៅតំបន់ខ្ពង់រាបហ្គោលឡែន ហៃ(Golan Heights) កាន់កាប់ដោយអ៊ីស្រាអែល។
មនុស្សប្រមាណ ៦០.០០០នាក់ បានជម្លៀសខ្លួនចេញពីលំនៅឋាននៅភាគខាងជើង ហើយនៅតែពុំទាន់ត្រូវបានណែនាំឱ្យត្រឡប់ទៅវិញនៅឡើយ។

ការខូចខាតភាគច្រើននៅក្នុងប្រទេសអ៊ីស្រាអែល បានធ្វើឲ្យប៉ះពាល់នៅតំបន់នានាជាប់ព្រំដែនជាមួយប្រទេសលីបង់ រួមទាំងទីក្រុង Dovev ដែលត្រូវបានវាយប្រហារដោយគ្រាប់រ៉ូកែតរបស់ក្រុមហេសបូឡា។
បទឈប់បាញ់ ដែលបានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ទំនងជាមានភាពផុយស្រួយកាន់តែខ្លាំង។
បទឈប់បាញ់នេះ បានចែងថា អ៊ីស្រាអែលនឹងមិនធ្វើប្រតិបត្តិការដោយយោធា វាយលុកទៅលើជនស៊ីវិល យោធា ឬគោលដៅរដ្ឋផ្សេងទៀតនៅក្នុងប្រទេសលីបង់ ខណៈប្រទេសលីបង់ នឹងទប់ស្កាត់ក្រុមប្រដាប់អាវុធណាមួយ រួមទាំងក្រុមហេសបូឡា មិនឲ្យធ្វើប្រតិបត្តិការប្រឆាំងអ៊ីស្រាអែល។