នគរបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ថា អាជ្ញាធរប្រទេសអាហ្រ្វិកខាងត្បូង បានទាញយកសាកសពអ្នកជីករករ៉ែខុសច្បាប់ចំនួន៦នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ពីអណ្តូងរ៉ែដែលគេលែងប្រើ នៅក្នុងទីក្រុង Stilfontein ខណៈប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តសម្រាប់មនុស្សរាប់រយនាក់ទៀត ដែលត្រូវបានគេជឿថា នៅតែជាប់នៅក្នុងអណ្តូងរ៉ែក្រោមដី។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលកម្មកររុករករ៉ែខុសច្បាប់ជាង១.០០០នាក់ បានបង្ហាញខ្លួនជាថ្មីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងពេលមានការបង្រ្កាបរបស់នគរបាលលើសកម្មភាពរុករករ៉ែខុសច្បាប់។ អ្នករុករករ៉ែ ត្រូវបានចាប់ខ្លួននៅក្នុងការប្រឈមមុខដាក់គ្នាជាមួយនគរបាល ដែលដំបូងឡើយនគរបាលបានកាត់ផ្តាច់ការផ្គត់ផ្គង់អាហារ និងទឹក ដើម្បីបង្ខំពួកគេឱ្យឡើងមកខាងលើ ពីអណ្តូងរ៉ែក្រោមដី។ ទោះជាយ៉ាងណា សេចក្តីសម្រេចរបស់តុលាការនាពេលថ្មីៗនេះ បានចេញការបង្គាប់ថា អ្នកជីករ៉ែខុសច្បាប់ ត្រូវតែបានផ្តល់អាហារ។

ការបិទអណ្តូងរ៉ែមាស ក្នុងខេត្តមួយចំនួននៅប្រទេសអាហ្រ្វិកខាងត្បូង បានទាក់ទាញជនអន្តោប្រវេសន៍ដែលពុំមានឯកសាររាប់ពាន់នាក់មកពីប្រទេសជិតខាង ជាអ្នកដែលបានទៅដល់ដើម្បីបើកឡើងវិញ អណ្តូងរ៉ែដែលគេបានបិទ និងលែងប្រើប្រាស់។
អាជ្ញាធរ នៅតែបន្តរកមធ្យោបាយដោះស្រាយជាមួយនឹងបញ្ហាដ៏ស្មុគស្មាញនៃការជីកយករ៉ែខុសច្បាប់ ដោយធ្វើឱ្យមានតុល្យភាពកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជាមួយនឹងការអនុវត្តច្បាប់ និងហានិភ័យសុវត្ថិភាព ដែលបង្កឡើងដោយស្ថានភាពនៃការជីកយករ៉ែ ដ៏គ្រោះថ្នាក់។