ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក និងជប៉ុន នៅថ្ងៃសុក្រ (០៦ ធ្នូ) នេះបានធ្វើ "សកម្មភាពសហប្រតិបត្តិការដែនសមុទ្រ" នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទីក្រុងម៉ានីល ក្នុងសមុទ្រចិនខាងត្បូង។

ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះមានគោលបំណងពង្រឹងអន្តរប្រតិបត្តិការនៃយុទ្ធសាស្ត្រការពារជាតិ បច្ចេកទេស និងនីតិវិធី។

ការហ្វឹកហ្វឺននេះបានកើតឡើងពីរថ្ងៃ បន្ទាប់ពីការប៉ះទង្គិចដែនសមុទ្រចុងក្រោយបង្អស់រវាងហ្វីលីពីន និងចិន នៅឯដែនទឹកជម្លោះ ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) នៅក្នុងសមុទ្រចិនខាងត្បូង ខណៈភាគីទាំងពីរបន្តចោទដាក់គ្នាទៅមក។
ភាពតានតឹងរវាងចិន និងហ្វីលីពីនជុំវិញសមុទ្រចិនខាងត្បូង បានកើនឡើងយ៉ាងខ្លាំងក្លាពេញមួយឆ្នាំនេះ ជាពិសេសនៅលើដែនទឹក Scarborough Shoal ដែលជាចំណុចប៉ះទង្គិចដ៏ក្ដៅគគុក និងជាកន្លែងនេសាទដ៏សំខាន់៕
