ចៅក្រមសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (០៥ ធ្នូ) បានច្រានចោលកិច្ចព្រមព្រៀងសម្របសម្រួលបញ្ចប់រឿងរបស់ក្រុមហ៊ុន Boeing ក្នុងការផ្ដល់ចម្លើយពីភាពមានទោសលើបទក្លែងបន្លំ បន្ទាប់ពីមានឧបទ្ទវហេតុធ្លាក់យន្តហោះ 737 MAX ចំនួនពីរលើក។

ក្រុមហ៊ុន Boeing មិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើសេចក្ដីសម្រេចនេះទេ។ អ្នកនាំពាក្យម្នាក់បាននិយាយថា ក្រសួងយុត្តិធម៌អាមេរិក ដែលសម្របសម្រួលការចរចាជាមួយក្រុមហ៊ុន Boeing កំពុងពិនិត្យមើលបញ្ហានេះ។ ជម្រើសរបស់ Boeing និងក្រសួងយុត្តិធម៌ អាចរាប់បញ្ចូលទាំងការប្តឹងឧទ្ធរណ៍ចំពោះការបដិសេធរបស់ចៅក្រម ឬបង្ហាញសំណើថ្មីដែលបានចរចាឡើងវិញដើម្បីទទួលបានការយល់ព្រមពីតុលាការ។

ចៅក្រមតំបន់របស់អាមេរិក លោក រីដ អូ ខនន័រ (Reed O'Connor) នៅរដ្ឋតិចសាស់ បានបដិសេធកិច្ចព្រមព្រៀង ដោយលើកឡើងពីគោលនយោបាយចម្រុះរបស់ក្រសួងយុត្តិធម៌ ទាក់ទងនឹងការត្រួតពិនិត្យដោយឯករាជ្យនៃសវនកម្មលើការអនុលោមតាមច្បាប់របស់ក្រុមហ៊ុនផលិតយន្តហោះមួយនេះ។ លោកចៅក្រម O'Connor បានសម្រេចថា ក្រុមហ៊ុន Boeing និងក្រសួងយុត្តិធម៌ ឥឡូវនេះមានពេល ៣០ថ្ងៃ ដើម្បីធ្វើបច្ចុប្បន្នភាពដល់តុលាការអំពីវិធីសាស្រ្តដែលពួកគេគ្រោងនឹងបន្តក្នុងសំណុំរឿង។

សាច់ញាតិជនរងគ្រោះនៃឧបទ្ទវហេតុធ្លាក់យន្តហោះ 737 MAX ចំនួនពីរលើក ដែលបានកើតឡើងនៅក្នុងឆ្នាំ២០១៨ និង២០១៩ និងបានសម្លាប់មនុស្សចំនួន ៣៤៦នាក់ បានហៅកិច្ចព្រមព្រៀងសារភាពទោសដើម្បីបិទក្ដីនេះថាជាទង្វើមិនទទួលខុសត្រូវទាល់តែសោះរបស់ក្រុមហ៊ុន Boeing ចំពោះការស្លាប់សាច់ញាតិរបស់ពួកគេ៕