រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (០៥ ធ្នូ) បាននិយាយថា ការប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងនៅក្នុងសង្គ្រាមអ៊ុយក្រែន ជាសញ្ញាបង្ហាញប្រាប់លោកខាងលិចថា ទីក្រុងមូស្គូ បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់គ្រប់មធ្យោបាយដើម្បីធានាថាពុំមាន "ការបរាជ័យជាយុទ្ធសាស្ត្រ" ណាមួយនឹងកើតឡើងលើទីក្រុងមូស្គូ។

រុស្ស៊ីបានបាញ់មីស៊ីល Oreshnik ល្បឿនលឿនជាងសំឡេង លើទីក្រុងឌីនីប្រូ (Dnipro) របស់អ៊ុយក្រែនកាលពីខែមុន នៅក្នុងអ្វីដែលមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន ពិពណ៌នាថាជាការសាកល្បងមីស៊ីល ដែលលោកអួតសរសើរថាមិនអាចបាញ់ទម្លាក់បាន ហើយព្រមានថា រុស្ស៊ីអាចនាំយកមីស៊ីលប្រភេទនេះដាក់ដំណើរការក្នុងលក្ខខណ្ឌប្រយុទ្ធ ប្រសិនបើចាំបាច់។

លោក Lavrov បានប្រាប់អ្នកកាសែតអាមេរិកលោក Tucker Carlson ថា "សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន — ដែលក៏បានផ្តល់អាវុធរយៈចម្ងាយឆ្ងាយទាំងនេះដល់របបទីក្រុងគីវ — ពួកគេប្រយុទ្ធដើម្បីរក្សាអនុត្តរភាពលើពិភពលោក ប៉ុន្តែរុស្ស៊ី ប្រយុទ្ធដើម្បីផលប្រយោជន៍សន្តិសុខស្របច្បាប់របស់ខ្លួន"។

ដោយនិយាយជាភាសាអង់គ្លេស លោក Lavrov សង្កត់ធ្ងន់ថា អ្នកខុសគឺជាលោកខាងលិច ដោយសារពួកគេបានបដិសេធមិនពិភាក្សាអំពីការធានាសន្តិសុខសម្រាប់រុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែមុនការវាយលុកពេញលក្ខណៈកាលខែកុម្ភៈឆ្នាំ២០២២ លើអ៊ុយក្រែន ដែលទីក្រុងមូស្គូ ហៅថា "ប្រតិបត្តិការយោធាពិសេស"៕