អង្គការសិទ្ធិមនុស្សកូរ៉េខាងត្បូង គឺមជ្ឈមណ្ឌលសិទ្ធិមនុស្សកូរ៉េ CMHRK បានលាតត្រដាងនៅថ្ងៃសុក្រ (០៦ ធ្នូ) នេះថា ខ្លួនបានទទួលភស្តុតាងដែលថា លោកប្រធានាធិបតី Yoon Suk Yeol កំពុងរៀបចំដាក់ច្បាប់អាជ្ញាសឹកម្តងទៀតនាពេលខាងមុខ។

យោងតាមក្រុមសិទ្ធិមនុស្សនេះបានឱ្យដឹងថា មេបញ្ជាការកងទ័ពកូរ៉េខាងត្បូង ត្រូវបានបញ្ជាឱ្យនៅប្រចាំការសម្រាប់ការហៅជាបន្ទាន់ណាមួយ ខណៈកងទ័ពបានដាក់បម្រាមបណ្តោះអាសន្នលើការឈប់សម្រាករហូតដល់ថ្ងៃទី០៨ ខែធ្នូ ដោយមិនបញ្ចេញឈ្មោះមេបញ្ជាការដែលខ្លួនសង្ស័យថាបានទទួលការណែនាំបែបនេះទេ។

ក្រុមនេះអះអាងថា ការចង្អុលបង្ហាញដែលថាមូលដ្ឋានទ័ពបន្តរក្សាជំហរត្រៀមលក្ខណៈសម្រាប់ភាពបន្ទាន់ បើទោះបីជាមានការដកច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី០៤ ខែធ្នូ ក៏ដោយនោះ ជាសញ្ញាប្រាប់ថា យោធាបើកចំហចំពោះការដាក់ពង្រាយគ្រាអាសន្នសម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកជាលើកទីពីរ។
កងទ័ពកូរ៉េខាងត្បូង បានច្រានចោលការចោទប្រកាន់របស់ក្រុមនេះ ដោយនិយាយថា ខ្លួនមិនបានដាក់បម្រាមលើការឈប់សម្រាកនៅក្នុងសប្តាហ៍នេះទេ។

ជាមួយគ្នានេះ តំណាងរាស្រ្ត Jo Seoung-lae អ្នកនាំពាក្យជាន់ខ្ពស់នៃបក្សប្រជាធិបតេយ្យកូរ៉េ ដែលជាបក្សប្រឆាំងដ៏ធំ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះថា សមាជិកសភា ១៧០រូបរបស់បក្ស នឹងមិនចាកចេញពីរដ្ឋសភាទេចាប់ពីថ្ងៃនេះតទៅ ដោយសារថា ខ្លួនទទួលបានការព្រមានពីលទ្ធភាពនៃការដាក់ច្បាប់អាជ្ញាសឹកជាលើកទីពីរ៕