មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃសុក្រ (០៦ ធ្នូ) នេះ បានជំរុញឱ្យប្រទេសចិន "បន្ធូរកណ្ដាប់ដៃ" ឬបន្ធូរបន្ថយសម្ពាំធនៃការធ្វើទុក្ខបុកម្នេញ និងមិនត្រូវចាត់វិធានការឯកតោភាគីណាមួយឡើយ ដោយនិយាយនៅមុនហ្គេមសង្រ្គាមដែលរំពឹងទុករបស់ចិននៅជុំវិញកោះនេះថា ទីក្រុងប៉េកាំង នឹងមិនទទួលបានការចុះញ៉មចំពោះសមយុទ្ធយោធាណាមួយឡើយ។

ប្រទេសចិន ដែលអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំមួយផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោក Lai ទៅកាន់តំបន់ប៉ាស៊ីហ្វិក ដែលរួមមានការឈប់សំចតនៅកោះហាវ៉ៃ និងទឹកដីអាមេរិកនៃកោះហ្គាំ នេះបើតាមប្រភពសន្តិសុខ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសកោះប៉ាស៊ីហ្វិក ប៉ាលូ នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់ខ្លួន លោក Lai បានលើកឡើងថា លោកសង្ឃឹមថាប្រទេសចិន ដែលបានថ្កោលទោសដំណើររបស់លោកទៅកាន់សហរដ្ឋអាមេរិក នឹងវិលត្រឡប់ទៅរកសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់វិញ។

ទីក្រុងប៉េកាំង មិនពេញចិត្តលោក Lai ទេ ដោយហៅលោកថាជា "ជនផ្ដាច់ខ្លួន" ហើយច្រានចោលសំណើជាច្រើនពីមេដឹកនាំតៃវ៉ាន់រូបនេះចំពោះកិច្ចពិភាក្សា។ ប្រទេសចិន បានធ្វើហ្គេមសង្រ្គាមចំនួនពីរលើកជុំវិញកោះតៃវ៉ាន់មកទល់ពេលនេះ មួយនៅក្នុងខែឧសភា ភ្លាមៗបន្ទាប់ពីការឡើងកាន់តំណែងរបស់លោក Lai និងមួយទៀតនៅក្នុងខែតុលា បន្ទាប់ពីសុន្ទរកថាថ្ងៃបុណ្យជាតិរបស់លោក៕