ការរំលោភបំពានសន្តិសុខដោយក្រុមបាតុករកាន់សាសនាហិណ្ឌូប្រឆាំងនឹងបេសកកម្មការទូតមួយរបស់បង់ក្លាដែស នៅប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ (០២ ធ្នូ) សប្ដាហ៍នេះ បានបង្កជាព្យុះភ្លៀងការទូតរវាងប្រទេសទាំងពីរ ដោយគូសបញ្ជាក់ពីការមិនទុកចិត្តគ្នាកាន់តែខ្លាំងឡើង។

បង់ក្លាដែស បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានកោះហៅឧត្តមស្នងការឥណ្ឌា លោក Pranay Verma ទៅកាន់ក្រសួងការបរទេសនៅរដ្ឋធានីដាកា របស់បង់ក្លាដែស ដើម្បីសម្ដែងក្ដីបារម្ភរបស់ខ្លួនចំពោះក្រុមបាតុករ ដែលសម្រុកចូលទៅក្នុងទីតាំងជំនួយការឧត្តមស្នងការបង់ក្លាដែស នៅរដ្ឋ ទ្រីពូរ៉ា (Tripura) ភាគឦសានឥណ្ឌា។

បាតុករមកពីក្រុមអ្នកកាន់សាសនាហិណ្ឌូទាំងនោះត្រូវបានចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិ និងបំពានទង់ជាតិបង់ក្លាដែស ក្នុងពេលតវ៉ាប្រឆាំងនឹងការចាប់ខ្លួនបព្វជិតហិណ្ឌូនៅទីក្រុងដាកា។

ការបំពាននេះក៏នាំឱ្យមានការតវ៉ាប្រឆាំងតបទៅមក ទាំងនៅក្នុងប្រទេសបង់ក្លាដែស ជាទីដែលមានមនោសញ្ចេតនាប្រឆាំងឥណ្ឌាខ្ពស់រួចទៅហើយ និងការតវ៉ានៅក្នុងប្រទេសឥណ្ឌា ជុំវិញហិង្សាប្រឆាំងសហគមន៍ហិណ្ឌូនៅបង់ក្លាដែស។
អ្នកកាន់សាសនាហិណ្ឌូ មានចំនួន ៨% នៃចំនួនប្រជាជន ១៧០លាននាក់នៅបង់ក្លាដែស ដែលភាគច្រើនជាជនជាតិមូស្លីម៕