កងទ័ពលីបង់កាលពី ថ្ងៃព្រហស្បតិ៍ បានបន្តពង្រឹងការដាក់ពង្រាយរបស់ខ្លួន នៅភាគខាងត្បូងប្រទេសនេះ ខណៈដែលខ្លួន បានចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយអ៊ីស្រាអែល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការកងទ័ព បាននិយាយថា កងទ័ពលីបង់កំពុងដាក់ពង្រាយនៅភាគខាងត្បូង ក្រោមក្របខណ្ឌនៃសេចក្តីសម្រេចលេខ ១៧០១ របស់អង្គការសហប្រជាជាតិ បន្ទាប់ពី «ការឈ្លានពាន»នាពេលថ្មីៗរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសលីបង់។

ទីបញ្ជាការកងទ័ព ក៏បានបញ្ជាក់ផងដែរថា ខ្លួនកំពុងសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយ«ការរំលោភបំពានដែលប្រព្រឹត្តដោយកងទ័ពអ៊ីស្រាអែល» ខណៈពេលដែលរក្សាការពង្រាយរបស់ខ្លួន នៅតាមព្រំដែនភាគខាងជើង និងភាគខាងកើត ដើម្បីត្រៀមខ្លួនសម្រាប់ភាពអាសន្នណាមួយ ក្នុងអំឡុងពេលដ៏សំខាន់នេះ ដែលតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី នៅក្នុងផលប្រយោជន៍ជាតិ។
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) អ៊ីស្រាអែល បានបន្តរំលោភលើបទឈប់បាញ់ កាលពីថ្ងៃព្រហស្បតិ៍។ តាមសេចក្តីរាយការណ៍ កាំភ្លើងធំរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើផ្លូវធំ ក្នុង ទីក្រុង Ain Arab ភាគខាងត្បូងប្រទេសលីបង់ ហើយបានបាញ់ផ្លោងទៅលើក្រុមការពារស៊ីវិលលីបង់ ដែលធ្វើការបោសសម្អាតកម្ទេចថ្ម នៅក្នុងទីក្រុង Naqoura ខណៈពេលដែលកំពុងស្វែងរកជនរងគ្រោះ។