សេចក្តីសង្ខេបគោលនយោបាយរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញពីគម្លាតទ្រព្យសម្បត្តិគួរឲ្យព្រួយបារម្ភ នៅទូទាំងតំបន់អារ៉ាប់។

នៅក្នុងសេចក្ដីសង្ខេបគោលនយោបាយ គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីខាងលិច (ESCWA) បាននិយាយថា ទោះបីជាការកាន់កាប់ទ្រព្យសម្បត្តិគ្រួសារ កើនឡើងលឿនជាងមធ្យមភាគសកលក៏ដោយ គម្លាតទ្រព្យសម្បត្តិរវាងអ្នកមាននិងអ្នករស់នៅក្នុងភាពក្រីក្រ បានរីកធំឡើងគួរឲ្យកត់សម្គាល់ ជាពិសេស ចាប់តាំងពីឆ្នាំ ២០១១ មក។

សេចក្តីសង្ខេបគោលនយោបាយនេះ បានបញ្ជាក់ថា៖«ភាពខុសគ្នានៃទ្រព្យសម្បត្តិរវាងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងប្រទេសដែលមានប្រាក់ចំណូលទាប បានកើនឡើងយ៉ាងខ្លាំង។ នៅឆ្នាំ ២០២២ ទ្រព្យសម្បត្តិជាមធ្យមនៃប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងតំបន់អារ៉ាប់ គឺខ្ពស់ជាងប្រទេសដែលមានចំណូលទាប រហូតដល់ ៣១ដង»។ នេះគឺជានិន្នាការមិនស្មើភាពគ្នា ក្នុងការប្រមូលទ្រព្យសម្បត្តិ នៅក្នុងតំបន់អារ៉ាប់»។
លោក Khalid Abou Ismail មន្ត្រីកិច្ចការសេដ្ឋកិច្ចជាន់ខ្ពស់នៅ គណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីខាងលិច (ESCWA) បាននិយាយថា៖«ប្រទេសដែលមានប្រាក់ចំណូលទាប មិនត្រឹមតែធ្លាក់ចុះពីក្រោយប្រទេសជិតខាងក្នុងតំបន់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនបានឈានដល់កម្រិតសកលផងដែរ។ ភាពខុសគ្នានេះ គំរាមកំហែងដល់ការទំនាក់ទំនងគ្នាក្នុងសង្គម និង ស្ថិរភាពសេដ្ឋកិច្ច»។ លោកបានបន្ថែមថា៖«គម្លាតទ្រព្យសម្បត្តិកាន់តែធំឡើងនេះ គឺគួរឲ្យព្រួយបារម្ភណាស់»។