ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេស លោក Badr Abdelatty បានជួបពិភាក្សាជាមួយសមភាគីមកពីប្រទេសទួរគី ស៊ីរី អ៊ីរ៉ង់ អារ៉ាប់រួម សហរដ្ឋអាមេរិក និងរុស្ស៊ី ដើម្បីដោះស្រាយការកើនឡើងនៃអំពើហិង្សា នៅក្នុងប្រទេសស៊ីរី។

ក្រសួងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយធ្វើតាមការណែនាំរបស់លោកប្រធានាធិបតី អាប់ដែល ហ្វាតា អាល់ស៊ីស៊ី (Abdel-Fattah al-Sisi) លោក Abdelatty បានធ្វើការហៅទូរស័ព្ទជាបន្តបន្ទាប់កាលពីថ្ងៃពុធ ដើម្បីវាយតម្លៃការវិវឌ្ឍយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសស៊ីរី និងផលប៉ះពាល់របស់ពួកវាចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់។

លោក Abdelatty បានបញ្ជាក់៖«ការគាំទ្រឥតងាករេរបស់អេហ្ស៊ីបសម្រាប់រដ្ឋស៊ីរី» ដោយសង្កត់ធ្ងន់លើតម្រូវការគោរពអធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។ លោកបានអំពាវនាវឲ្យ មានការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងអន្តរជាតិ ដើម្បីកាត់បន្ថយស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះ ដោយព្រមានថា ស្ថានភាពកាន់តែយ៉ាប់យ៉ឺនថែមទៀត អាចបង្កគ្រោះថ្នាក់ដល់សន្តិសុខ ក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រីក៏បានរំលឹកឡើងវិញនូវការបដិសេធរបស់ប្រទេសអេហ្ស៊ីបចំពោះសកម្មភាពញុះញង់ឲ្យមានការបែកបាក់ផ្នែកសាសនា ឬការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋនានា។
ក្រសួងបានបន្ថែមថា ការពិភាក្សារបស់លោក Abdelatty ជាមួយមន្ត្រីអាមេរិក និងរុស្ស៊ី បានផ្តោតលើការស្វែងរកមធ្យោបាយ ដើម្បីបញ្ឈប់ការកើនឡើងនេះ។ ការសន្ទនានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការទូតដ៏ទូលំទូលាយរបស់ប្រទេសអេហ្ស៊ីប ដើម្បីតាមដានស្ថានការណ៍ នៅក្នុងប្រទេសស៊ីរី ដោយមានការសម្របសម្រួលជាមួយតួអង្គក្នុងតំបន់ និងអន្តរជាតិ។