រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអ៊ុយក្រែន គ្រោងនឹងទទួលយានដ្រូន Deep Strike ជាង ៣០.000 គ្រឿង នៅឆ្នាំក្រោយ។
លោក Umerov បានសរសេរនៅលើហ្វេសប៊ុកថា៖«យានដ្រូនជំនាន់ក្រោយទាំងនេះ អាចដំណើរការដោយស្វ័យភាព ក្នុងរយៈចម្ងាយឆ្ងាយ និងវាយប្រហារគោលដៅរបស់សត្រូវ ដោយភាពជាក់លាក់កម្រិត ខ្ពស់។
លោក Umerov បានបញ្ជាក់ថា ការជញ្ជូនយានដ្រូនទាំងនេះ គឺជាផ្នែកមួយនៃ«ផែនការការពារ» ដែលបានបង្ហាញកាលពីខែមុនដោយប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមីន ហ្សេឡិនស្គី (Volodymyr Zelensky»។
លោកបានបន្ថែមថា ផ្នែកមួយនៃយានដ្រូនទាំងអស់នេះ ត្រូវបានផ្តល់មូលនិធិដោយដៃគូអន្តរជាតិដែលបានវិនិយោគ នៅក្នុងឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន។
កាលពីដើមឆ្នាំនេះ មន្ត្រីអ៊ុយក្រែន បានគូសបញ្ជាក់ពីផែនការផលិតយានដ្រូន FPV នៅឆ្នាំ២០២៤ ចន្លោះពី ១ លាន ទៅ ២ លានគ្រឿង យានដ្រូនរយៈចម្ងាយមធ្យមប្រហែល ១០.000គ្រឿង និងយានដ្រូនប្រយុទ្ធចម្ងាយឆ្ងាយជាង ១.០០០គ្រឿង។