ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើបច្ចុប្បន្នភាពនីតិវិធីសម្រាប់ការទូទាត់ថ្លៃឧស្ម័ន ដែលត្រូវធ្វើដោយអ្នកទិញបរទេស។
ជាពិសេស នៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបរទេសអាចបង់ថ្លៃឧស្ម័នរបស់រុស្ស៊ី ដោយការបញ្ចូលប្រាក់ទៅក្នុងគណនីរបស់ពួកគេ តាមរយៈភាគីទី៣ និងមិនដោយផ្ទាល់តាមរយៈគណនីជាមួយធនគារ Gazprombankទេ។
ឥឡូវនេះ ធនាគារ Gazprombank អាចបើកមិនត្រឹមតែគណនីពិសេស ប្រភេទ K ប៉ុណ្ណោះទេ ប៉ុន្តែគណនីប្រាក់រូប្លិ៍ និងគណនីរូបិយប័ណ្ណផងដែរ។ ជនបរទេសអាចទូទាត់ប្រាក់រូប្លិ៍ ដល់គណនីបែបនេះបាន ហើយ«ធនាគារដែលមានការអនុញ្ញាត ត្រូវបានអនុញ្ញាតឲ្យផ្តល់ឥណទានជាប្រាក់រូប្លិ៍ ពីភាគីទី៣ សម្រាប់គោលបំណងនៃការទូទាត់របស់អ្នកទិញបរទេសសម្រាប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ នៅគណនីប្រាក់រូប្លិ៍ ដែលបានបើកដោយអ្នកផ្គត់ផ្គង់រុស្ស៊ី នៅក្នុងធនាគារដែលមានការអនុញ្ញាត»។
ការទូទាត់សម្រាប់ឧស្ម័នរុស្ស៊ីជាមួយនឹងការប្រើប្រាស់គណនីប្រភេទ K របស់ធនាគារ Gazprombank នឹងមិនត្រូវបានអនុវត្ត រហូតដល់ការលុបចោលការដាក់ទណ្ឌកម្មប្រឆាំងនឹងធនាគាររុស្ស៊ី។ ក្រុមហ៊ុននាំចេញឧស្ម័នរបស់រុស្ស៊ី ក៏អាចចាប់ផ្តើមការផ្គត់ផ្គង់ឡើងវិញ ដល់អ្នកទិញបរទេសបានផងដែរ ប្រសិនបើពួកគេសងបំណុលដោយប្រាក់រូប្លិ៍ ដែលបញ្ចូលទៅក្នុងគណនី។ លោកប្រធានាធិបតី ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុននាំចេញឧស្ម័នរបស់រុស្ស៊ី ធ្វើការប្តឹងការទាមទារប្រឆាំងនឹងក្រុមហ៊ុនបរទេស នៅក្នុងការសន្យាទូទាត់ថ្លៃឧស្ម័នរបស់ក្រុមហ៊ុនបរទេស។