ក្រុមនគរបាល និយាយនៅថ្ងៃសុក្រនេះថា អ្នកឡើងភ្នំ ៣នាក់ មកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដែលបានបាត់ខ្លួននៅលើភ្នំខ្ពស់បំផុតរបស់នូវែលសេឡង់កាលពីសប្តាហ៍មុន ត្រូវបានគេជឿថា បានបាត់បង់ជីវិតទៅហើយ ។
អ្នកឡើងភ្នំជនជាតិអាមេរិក Kurt Blair វ័យ ៥៦ឆ្នាំ និង Carlos Romero វ័យ ៥០ឆ្នាំ និងអ្នកឡើងភ្នំជនជាតិកាណាដា ដែលពុំត្រូវបានបង្ហាញឈ្មោះដោយក្រុមនគរបាល បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រកាលពីថ្ងៃសៅរ៍ ទៅកាន់ជំរំនៅលើភ្នំ Mount Cook ឬភ្នំ Aoraki ជាមួយផែនការឡើងដល់កំពូលភ្នំកម្ពស់ ៣.៧២៤ម៉ែត្រមួយនេះ ។
បុរស ៣នាក់ ពុំបានបង្ហាញខ្លួនសម្រាប់ជើងហោះហើរត្រឡប់មកវិញរបស់ពួកគេកាលពីព្រឹកថ្ងៃចន្ទ ជាហេតុនាំឲ្យមានប្រតិបត្តិការជួយសង្រ្គោះ និងរុករក ។ អីវ៉ាន់ជារបស់បុរសទាំង ៣នាក់ ត្រូវបានរកឃើញកាលពីថ្ងៃអង្គារ មុនពេលប្រកាសបញ្ចប់ប្រតិបត្តិការរុករក ដោយសារអាកាសធាតុពុំអំណោយផល ហើយកិច្ចខិតខំជួយសង្រ្គោះ ទើបនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃសុក្រនេះ ។
លោក Vicki Walker គឺជាអធិការនគរបាលទទួលបន្ទុកការស៊ើបអង្កេតលើការបាត់ខ្លួនរបស់អ្នកឡើងភ្នំទាំង ៣រូប និយាយប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះថា ពួកយើងគ្មានជំនឿថា បុរសទាំង ៣នាក់នេះ នៅរស់នោះទេ ។ ពួកយើងមានជំនឿថា ពួកគេលាចាកលោកនេះហើយ វាមិនមែនជាព័ត៌មានដែលពួកយើងចង់ចែករំលែកនៅថ្ងៃនេះនោះទេ ។
លោកបន្តថា ក្រុមការងាររុករករបស់ពួកយើង ត្រូវបានរារាំងដោយសារស្ថានភាពភ្នំដ៏គ្រោះថ្នាក់ ។ វាមានខ្យល់បក់ខ្លាំង មិនអាចធ្វើឲ្យឧទ្ធម្ភាគចក្រហោះហើរបាន ហើយវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ក្នុងការអនុញ្ញាតឲ្យក្រុមរុករក និងក្រុមជួយសង្រ្គោះ ស្ថិតក្នុងស្ថានភាពបែបនេះ ៕


