ភ្នំពេញ ៖ ក្រៅពីផលិតឧស្សាហកម្ម មានសំលៀកបំពាក់ និងគ្រឿងបង្គុំអគ្គិសនី កម្ពុជាបាននាំចេញផលិតផលកសិកម្មក្នុងបរិមាណ ១ ២០០ តោន ទៅទីផ្សារប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល ៩ខែឆ្នាំ២០២១នេះ ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍លទ្ធផលនៃការនាំចេញកសិផលទៅកាន់សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៩ ឆ្នាំ២០២០ និង ៩ខែឆ្នាំ២០២១។
សម្រាប់ការនាំចេញក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ បរិមាណផលិតផលកសិកម្មទៅទីផ្សារប្រទេសកូរ៉េខាងត្បូង កើនឡើង ប្រមាណ ១០៦ភាគរយ ធៀបនឹងរយពេលដូចគ្នាកាលពីឆ្នាំមុន។ផលិតផលកសិកម្មដែលនាំមុខគេ ទៅទីផ្សារប្រទេសកូរ៉េខាងត្បូង គឺជ័រកៅស៊ូ និងស្វាយស្រស់ ដែលមានបរិមាណ ៩៥០តោន និង១២៩តោន។ ផលិតផលកសិកម្មដទៃទៀត មានដូចជា ស្ករត្នោត គ្រាប់ស្វាយចន្ទី ពោត ដំណាប់ស្វាយ ជាដើម។
ដោយឡែកសម្រាប់ការនាំចេញសរុប នៃផលិតផលកសិកម្ម កាលពីឆ្នាំ២០២០កន្លងទៅ សម្រេចបានប្រមាណតែជា៥០០តោនប៉ុណ្ណោះ ធ្លាក់ចុះពីបរិមាណនៃការនាំចេញសរុប កាលពីឆ្នាំ២០១៩ ដែលមានសម្រេចបាន ជាង៦ពាន់តោន។
ទាំងរាជរដ្ឋាភិបាល និងវិស័យឯកជន បានដាក់ក្តីរំពឹងថា បរិមាណនៃនាំការនាំចេញរបស់កម្ពុជា នឹងកើនឡើង ដោយសារកម្ពុជានិងប្រទេសកូរ៉េខាងត្បូង ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាកូរ៉េ មានចំនួនទឹកប្រាក់ជាង ៥៧៨ លានដុល្លារអាមេរិក កើនឡើងជាង១១ភាគរយ ក្នុងនោះទីផ្សារនាំចេញរបស់កម្ពុជាមានចំនួនជិត ១៤៤ លានដុល្លារអាមេរិក កើនឡើងជិត ៤ ភាគរយ ខណៈការនាំចូលមានចំនួនជាង ៤៣៤ លានដុល្លារអាមេរិក កើនឡើងជាង ១៤ភាគរយ បើរយៈពេលដូចគ្នាឆ្នាំ ២០២០ ៕
អត្ថបទ៖ វណ្ណៈ




