រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អាមេរិកលោក Tucker Carlson ថា សហរដ្ឋអាមេរិកកំពុង «រៀបចំ» អ្នកបំបែកខ្លួនជនជាតិឃឺដមួយចំនួន នៅក្នុងប្រទេសស៊ីរី។
ប្រមុខការទូតរូបនេះ បានរំលឹកថា៖«ពិតមែនហើយ យើងមានកិច្ចព្រមព្រៀង នៅពេលដែលវិបត្តិនេះ បានចាប់ផ្តើម។ យើងបានរៀបចំដំណើរការកិច្ចប្រជុំនៅទីក្រុង Astana [ដោយមានការចូលរួមពីរុស្ស៊ី ទួរគី និងអ៊ីរ៉ង់]។ យើងជួបគ្នាជាទៀងទាត់។ កិច្ចប្រជុំមួយផ្សេងទៀត កំពុងត្រូវបានគ្រោងទុក មុនដំណាច់ឆ្នាំនេះ ឬដើមឆ្នាំក្រោយ ដើម្បីពិភាក្សាអំពីស្ថានភាពជាក់ស្តែង»។
លោកបានចង្អុលបង្ហាញថា៖«គោលការណ៍នៃផែនការនេះ គឺដើម្បីជួយប្រជាជនស៊ីរីឲ្យចុះសម្រុងនឹងគ្នា និងទប់ស្កាត់ការកំហែងរបស់ក្រុមបំបែកខ្លួន កុំឲ្យមានភាពខ្លាំងក្លា។ នោះហើយជាអ្វីដែលជនជាតិអាមេរិក កំពុងធ្វើនៅភាគខាងកើតនៃប្រទេសស៊ីរី នៅពេលដែលពួកគេ កំពុងរៀបចំអ្នកបំបែកខ្លួនជនជាតិឃើដមួយចំនួន ដោយប្រើប្រាក់ចំណេញពីការលក់ប្រេង និងគ្រាប់ធញ្ញជាតិ ជាធនធានដែលពួកគេកាន់កាប់»។