ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិភាក្សា និងឆ្លង របៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១. សេចក្តីព្រាងច្បាប់ស្ដីពីជលផល
សេចក្តីព្រាងច្បាប់នេះ មាន ១៥ជំពូក ១០៥មាត្រា និងឧបសម្ព័ន្ធចំនួន២ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាព សេដ្ឋកិច្ចនិងបរិស្ថាន ស្របនឹងបរិបទនៃការរីកចម្រើន សេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា ក៏ដូចជាការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍវិស័យជលផលប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងការការពារសិទ្ធិនិងផលប្រយោជន៍ជូនប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្មផល ផលិតផលជលផល។
សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅជំរុញនិងលើកកម្ពស់ការចូលរួមទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការការពារ ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល និងចូលរួមជាមួយបណ្តាប្រទេសដៃគូអភិវឌ្ឍនានា ក្នុងការគ្រប់គ្រងនិងអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាព ទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ ជាពិសេសប្រឆាំងសកម្មភាពពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញត្តិ។
ក្រោយពីកិច្ចពិភាក្សារួចមក សម្តេចធិបតី បានប្រគល់ភារកិច្ចជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដឹកនាំសម្របសម្រួលកិច្ចប្រជុំអន្តរក្រសួងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងសាធារណៈការនិងដឹកជញ្ជូន ពិនិត្យលម្អិតនិងកែសម្រួលនូវមាត្រាមួយចំនួន ដើម្បីធានាសង្គតិភាពក្នុងការអនុវត្ត មុននឹងបញ្ជូនទៅកាន់ សម្តេចធិបតី ផ្ទាល់ ដើម្បីពិនិត្យនិងសម្រេចចុងក្រោយ។
ចំណែក ២. សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ
បន្ទាប់ពីកិច្ចពិភាក្សារួចមក សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈនេះ ត្រូវបានអង្គប្រជុំគណៈរដ្ឋមន្រ្តី សម្រេចរក្សាទុកមួយអន្លើសិន ដោយត្រូវបន្តអនុវត្តច្បាប់ដែលមានស្រាប់៕



