នៅថ្ងៃសុក្រនេះ នគរបាលឥណ្ឌា បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមកសិករដែលបានចាប់ផ្តើមដង្ហែរក្បួនចេញពីរដ្ឋ Punjab នៅតាមផ្លូវហាយវ៉េសំខាន់ ឆ្ពោះទៅកាន់រដ្ឋធានីញូវដែល្លី ដើម្បីទាមទារតម្លៃល្អប្រសើរជាងនេះ សម្រាប់ដំណាំរបស់ពួកគេ ។
ការប្រឈមដាក់គ្នា បានកើតឡើងនៅចម្ងាយជាង ២០០គ.មភាគខាងជើងរដ្ឋធានីដែល្លី ពេលដែលកសិករមានគ្នាប្រហែល ១០០នាក់ ភាគច្រើនមកពីរដ្ឋភាគខាងជើង Punjab បានព្យាយាមដង្ហែរក្បួន “តោះនាំគ្នាទៅកាន់ទីក្រុងដែល្លី” ដែលត្រូវបានគេរារាំងចាប់តាំងពីខែកុម្ភៈមកម្ល៉េះ ។
ក្រុមកសិករ បានពន្យាយាមទម្លុះរនាំងការពាររបស់នគរបាល ហើយក៏បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ ដែលបានឈរនៅពីក្រោយប៉ារ៉ាស់ការពារ ។ គ្មានសេចក្តីរាយការណ៍ភ្លាមៗនោះទេ ពីអ្នករងរបួស ។
លោក Sarwan Singh Pandher គឺជាមេដឹកនាំក្រុមកសិករ បាននិយាយមុនពេលការដង្ហែរក្បួនចាប់ផ្តើមថា វានឹងបន្តដរាបណាកងកម្លាំងសន្តិសុខអនុញ្ញាត ។
លោក Pandher និយាយថា ពួកយើងមិនចង់ទម្លុះប៉ារ៉ាស់ ដើម្បីដង្ហែរក្បួនទៅកាន់ទីក្រុងដែល្លីនោះទេ ពួកយើងចង់ដង្ហែរក្បួនដោយស្ងៀមស្ងាត់ និងចំាបាច់តែប៉ុណ្ណោះ ។
ក្រុមប្រជាកសិករ កំពុងទាមទារឲ្យមានការធានាស្របច្បាប់ចំពោះការគាំទ្រប្រកបដោយស្ថិរភាពជាងនេះ សម្រាប់ដំណាំរបស់ពួកគេ និងលើកលែងបំណុល ហើយពួកគេ និយាយថា រដ្ឋាភិបាលឥណ្ឌា ត្រូវតែគោរពតាមការសន្យារបស់ពួកគេ ក្នុងការបង្កើនប្រាក់ចំណូលទ្វេដងរបស់ពួកគេ ៕