នៅថ្ងៃសុក្រនេះ ក្រុមតំណាងរាស្រ្តកូរ៉េខាងត្បូង បានពិភាក្សាសំណើស៊ើបអង្កេតពិសេសរបស់រដ្ឋអាជ្ញា ចំពោះការចោទប្រកាន់ក្បត់ជាតិ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី Yoon Suk Yeol ។
លោក Jung Chung-rae គឺជាប្រធានគណៈកម្មាធិការនីតិកម្ម និងតុលាការរដ្ឋសភារបស់កូរ៉េខាងត្បូង និយាយអំឡុងជំនួបថា ការប្រកាសច្បាប់អាជ្ញាសឹកកាលពីពេលថ្មីៗនេះរបស់លោកប្រធានាធិបតី Yoon Suk Yeol មិនអាចរួចផុតពីការសង្ស័យលើការបំពានរដ្ឋធម្មនុញ្ញ និងការប្រព្រឹត្តទង្វើក្បត់ជាតិបានឡើយ ។
ការប្រកាសច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គាររបស់លោក Yoon គឺចង់ព្យាយាមស្វែងរកការបង្រួបបង្រួមអំណាច ហាមឃាត់សកម្មភាពនយោបាយ និងពិនិត្យសារព័ត៌មាន ។ វាបានបង្កឲ្យការខឹងសម្បារយ៉ាងខ្លាំងនៅតាមដងផ្លូវ និងក្តីបារម្ភនៅក្នុងចំណោមសម្ព័ន្ធមិត្តអន្តរជាតិរបស់កូរ៉េខាងត្បូង ។ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង ដែលណែនាំឲ្យចាត់វិធានការបែបនេះ បានលាលែងចេញពីតំណែង ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា បន្ទាប់ពីកិច្ចពិភាក្សានៅថ្ងៃសុក្រនេះដោយគណៈកម្មាធិការតុលាការ សំណើស៊ើបអង្កេត ត្រូវបានគេរំពឹងថានឹងបន្តនៅសម័យប្រជុំពេញអង្គរបស់រដ្ឋសភា នាថ្ងៃទី ១០ ខែធ្នូខាងមុខនេះ ៕