ភ្នំពេញ ៖ អនុសេនីយ៍ឯក អោក ឆាត នាយរងផ្នែកការិយាល័យចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ប្រចាំការនៅរង្វង់គួចកាណុងជ្រោយចង្វា នៅថ្ងៃទី២៩ ខែតុលានេះ បានលើកឡើងថា ស្ថានភាពចរាចរណ៍នៅពេលនេះ មានភាពមមាញឹកជាងថ្ងៃធម្មតា ខណៈពលរដ្ឋ បានធ្វើដំណើរទៅកាន់លំនៅឋាន ក្នុងថ្ងៃឈប់សម្រាកបុណ្យជាតិ។
ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុ ខណៈពលរដ្ឋធ្វើដំណើរទៅលំនៅឋាន និងដើរលេងកំសាន្ត នាឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីខួប១៦ឆ្នាំ នៃការគ្រងរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកបុក សមត្ថកិច្ច បានបង្កើនការរឹតចរាចរណ៍ នៅតាមដងផ្លូវសំខាន់ៗ ពីរាជធានីភ្នំពេញ ចេញទៅបណ្តាលខេត្តផ្សេងៗ។
បើតាមអនុសេនីយ៍ឯក អោក ឆាត នាយរងផ្នែកការិយាល័យចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ប្រចាំការនៅរង្វង់គួចកាណុងជ្រោយចង្វា បានលើកឡើងថា ស្ថានភាពចរាចរណ៍នៅពេលនេះ មានភាពមមាញឹកជាងថ្ងៃធ្វើធម្មតា ព្រោះពលរដ្ឋបានធ្វើដំណើរទៅកាន់លំនៅឋាន ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យជាតិ។លើសពីនេះ អនុសេនីយ៍ឯក បានអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរួមចំណែកកាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរ។
ប្រជាពលរដ្ឋ បានលើកឡើងដែរថា ក្នុងថ្ងៃឈប់សម្រាកនេះ គឺពួកគាត់ចង់ទៅជួបជុំគ្នាគ្រួសារនៅស្រុកកំណើត ដែលបានឃ្លាតឆ្ងាយពីគ្នាមានក្តីនឹករលឹក។សម្រាប់រថយន្តឈ្នួលមិនដំឡើងថ្លៃនោះទេ ពោលគឺដូចជាថ្ងៃធម្មតា គ្រាន់តែថ្ងៃបុណ្យដាក់មនុស្សច្រើនបន្តិច។
ជាការកត់សំគាល់ ក្នុងថ្ងៃឈប់សម្រាកបុណ្យជាតិរបស់កម្ពុជា ពលរដ្ឋតែងតែធ្វើដំណើរ ទៅលេងស្រុកកំណើត និងដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ផ្សេងៗ ជាហេតុធ្វើអោយចរាចរណ៍នៅតាមដងផ្លូវមានភាពមមាញឹក ជំរុញដល់សមត្ថកិច្ចចរាចរណ៍បង្កើនការយកចិត្តទុកដាក់៕
អត្ថបទ ៖ ទូច សោភ័ណ



