ទូរទស្សន៍រដ្ឋ បានរាយការណ៍ថា នៅថ្ងៃសុក្រ (ទី៦ ខែធ្នូ) អ៊ីរ៉ង់បានបញ្ជូនទៅកាន់ទីអវកាសនូវយានផ្ទុកទម្ងន់ធ្ងន់បំផុតមិនធ្លាប់មាន ដោយប្រើយានចម្លង Simorgh ដោយក្នុងនោះរួមមានទាំងម៉ូឌុលកម្រិតខ្ពស់ ដែលមានតួនាទីបញ្ជូនផ្កាយរណបទៅកាន់គន្លងតារវិថីដែលមានរយៈកម្ពស់ខ្ពស់ជាងមុន។
ប្រព័ន្ធផ្សព្វផ្សាយនោះ បានឲ្យដឹងថា ម៉ូឌុលបញ្ជូន Samān-1 រួមជាមួយនឹងផ្កាយរណប CubeSat និងយានផ្ទុកផ្នែកស្រាវជ្រាវ «ត្រូវបានដាក់ដោយជោគជ័យនៅក្នុងគន្លងតារាវិថីរាងអេលីប (ពងក្រពើ) ដែលមានចំណុចខ្ពស់កម្ពស់ ៤១០គីឡូម៉ែត្រ និងចំណុចទាបកម្ពស់ ៣០០គីឡូម៉ែត្រ" ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះកើតមានឡើងនៅពេលដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេស នៅអឺរ៉ុប អះអាងថា អ៊ីរ៉ង់កំពុងបញ្ជូនមីស៊ីលបាលីស្ទិកទៅឲ្យរុស្ស៊ី ដែលទំនងជានឹងត្រូវបានប្រើ ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ក្នុងរង្វង់ប៉ុន្មានសប្តាហ៍នេះ។ តែការលើកឡើងនេះត្រូវបានអ៊ីរ៉ង់បដិសេធ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានឲ្យដឹងទៀតថា យានចម្លង Simorgh ដែលជាយានបាញ់បង្ហោះផ្កាយរណបជំរុញដោយឥន្ធនៈរាវ ២ដំណាក់កាលនេះ ត្រូវបានបង្កើតឡើងដោយក្រសួងការពារជាតិ និងភស្តុភារកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់៕