មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃសុក្រនេះថា អ៊ីរ៉ង់មានបំណងបញ្ជូនមីស៊ីល និងយានដ្រូនទៅកាន់ប្រទេសស៊ីរី ហើយនិងបង្កើនចំនួនទីប្រឹក្សាយោធារបស់ខ្លួន នៅទីនោះ ដើម្បីគាំទ្រប្រធានាធិបតី លោក Bashar al-Assad ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម។
មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «ទីក្រុងទេអេរ៉ង់ ទំនងជានឹងត្រូវបញ្ជូនគ្រឿងយុទ្ធោបករណ៍ មីស៊ីល និងយានដ្រូនទៅកាន់ប្រទេសស៊ីរី។ ហើយទីក្រុងតេអេរ៉ង់បានចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីបង្កើនចំនួនទីប្រឹក្សាយោធារបស់ខ្លួន នៅស៊ីរី និងដាក់ពង្រាយកងកម្លាំង។ ឥឡូវនេះ ទីក្រុងតេអេរ៉ង់ កំពុងផ្តល់ជំនួយផ្នែកចារកម្ម និងផ្កាយរណបដល់ប្រទេសស៊ីរី»។
សម្រាប់អ៊ីរ៉ង់ លោក Assad គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ ដែលជាផ្នែកមួយនៃ «ការតស៊ូអាក់ស៊ីស» របស់ខ្លួនចំពោះឥទ្ធិពលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា។ ទីក្រុងតេអេរ៉ង់ រួមជាមួយទីក្រុងមូស្គូ បានផ្តល់ការគាំទ្រទាំងផ្នែកយោធា និងសេដ្ឋកិច្ចដល់លោក Assad ជាយូរមកហើយ។
គួរបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ក្រុមឧទ្ទាមប្រឆាំងលោក Assad បានមានប្រៀបនៅសមរភូមិយ៉ាងលឿនរហ័សបំផុត គិតចាប់តាំងពីសង្រ្គាមស៊ីវិល បានចាប់ផ្តើមផ្ទុះឡើងកាលពី ១៣ឆ្នាំមុន ដោយបានផ្ដល់ការខាតបង់យ៉ាងធ្ងន់ធ្ងរដល់លោក Assad៕