យោងតាមការអះអាងរបស់ក្រសួងមហាផ្ទៃអេស្ប៉ាញ បានឲ្យដឹងថា ចំនួនជនអន្តោប្រវេសន៍ធ្វើដំណើរទៅដល់ប្រជុំកោះ Canary របស់អេស្ប៉ាញតាមទូកដ៏គ្រោះថ្នាក់ ចេញពីអាហ្វ្រិកខាងលិច បានកើនឡើងខ្ពស់បំផុតជាប់កំណត់ត្រាប្រចាំឆ្នាំ នៅឆ្នាំនេះ ក្នុងនោះជនអន្តោប្រវេសន៍ ៤១.៤២៥នាក់ បានធ្វើដំណើរមកដល់ចន្លោះថ្ងៃទី ១ ខែមករា និងថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។
យោងតាមតួលេខផ្លូវការបង្ហាញថា មាននូវការហក់ឡើងខ្ពស់ផងដែរ ចំនួនជនអន្តោប្រវេសន៍ស្លាប់នៅតាមផ្លូវទៅកាន់ប្រជុំកោះរបស់អេស្ប៉ាញ ។
នៅលើកោះ El Hierro ដែលស្ថិតនៅតំបន់ជ្រោយភាគនិរតីនៃប្រជុំកោះ Canary ជនអន្តោប្រវេសន៍ ៣៣នាក់ ត្រូវបានបញ្ចុះមកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៤ ។ កាលពីឆ្នាំ ២០២៣ មានជនអន្តោប្រវេសន៍ ១១នាក់ប៉ុណ្ណោះ បានស្លាប់ ហើយកាលពីឆ្នាំ ២០២២ ជនអន្តោប្រវេសន៍ម្នាក់ បានស្លាប់ ។
ក្រុមអ្នកស្រុក និងក្រុមមន្រ្តីកោះ El Hierro បានជួបជុំគ្នា ដើម្បីរំឭកវិញ្ញណក្ខន្ធដល់លោក Bathie Barry គឺជាជនអន្តោប្រវេសន៍ម្នាក់ ដែលបានស្លាប់ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៤ ភ្លាមៗ ក្រោយពេលរូបលោកធ្វើដំណើរមកដល់កោះ ។
លោក Modesto Martinez គឺជាអ្នកឯកទេសខាងរោគសាស្ត្រ និយាយពីការស្លាប់របស់លោក Bathie Barry ថា ការខះជាតិទឹក ការថយចុះកម្តៅ គឺជាមូលហេតុសំខាន់នៃការស្លាប់របស់ពួកគេទាំងអស់នេះ ។
អ្នកស្រី Haridian Marichal គឺជាអ្នកសារព័ត៌មានក្នុងស្រុកមួយរូបដែលតែងតែចូលរួមជាមួយអ្នកស្រុកដើម្បីទិញផ្កា និងចូលរួមបញ្ចុះសាកសកអនាមិក បាននិយាយថា វាមិនត្រឹមតែជាបញ្ហាជំនឿ ឬសាសនានោះទេ វាគឺជាអ្វីមួយដែលលើសពីនេះ ។ វាគឺជាមនុស្សជាតិ ។
អ្នកស្រីបន្តថា ទាំងនេះគឺជាមនុស្សដែលមិនអាចបន្តដំណើរជីវិតរបស់ពួកគេបាន ហើយអកុសល ពួកគេត្រូវស្លាប់នៅតាមផ្លូវមកកាន់ប្រជុំកោះ Canary ។
ដោយឡែក លោក Joke គឺជាវិចិត្រករហូឡង់ ដែលរស់នៅលើកោះ El Hierro និងជាអ្នកទិញទូកក្រដាសដាក់ផ្កាជាការរំឭកដល់ដំណើរដ៏គ្រោះថ្នាក់របស់អ្នកដែលបានស្លាប់ទៅ និយាយថា ពួកគេគឺជាជនរងគ្រោះនៃប្រព័ន្ធអន្តោប្រវេសន៍ ៕