ភ្នំពេញ ៖ ដោយអនុវត្តតាមសារាចររបស់ក្រសួងមហាផ្ទៃក៏ដូចជាការណែនាំដាក់ផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌមានជ័យ បានឆ្មក់ចុះបង្រ្កាបទីតាំងបើកបង្កប់ល្បែងសុីសងឡូតូ ចំនួន០២ទីតាំងផ្សេងគ្នា នឹងឃាត់ខ្លួនមនុស្សស្រី០៣នាក់ ជាកាន់ម៉ាស៉ីន ល្បែងប្រភេទឡូតូតូចធំ ។
ប្រតិបត្តិការណ៍នេះធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅ០២ទីតាំងផ្សេងគ្នា ដែលស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមមន្រ្តីចុះប្រតិបត្តិការបានឲ្យដឹងថា ក្រោយទទួលបានព័ត៍មានអំពីទីតាំងចំនួន ០២ផ្សេងគ្នា ក្នុងភូមិដំណាក់ធំ៣ មានបង្កប់ល្បែងសុីសងឡូតូខុសច្បាប់ ដែលផ្គើននឹងប្រសាសន៍ថ្នាក់ដឹកនាំទើបតែប្រកាសថ្មីៗនេះ ។ ភ្លាមៗ លោក សេង គន្ធ អភិបាលខណ្ឌបានបញ្ជាអោយ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះឡោមព័ទ្ធបង្រ្កាបល្បែងឡូតូ ចំនួន០២ ទីតាំង ដោយដកហូតវត្ថុតាងមានកំព្យូទ័រ និងឃាត់ខ្លួនមនុស្សចំនួន០៣នាក់ផងដែរ។
បច្ចុប្បន្ន មនុស្សស្រីទាំង០៣នាក់ ជាកាន់ម៉ាស៉ីនល្បែងឡូតូ ត្រូវបានបញ្ជូនទៅបុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ដេីម្បីសាកសួរបន្តតាមនិតិវិធី ។ ចំណែកឯ សម្ភារៈពាក់ព័ន្ធត្រូវបានយកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានចេញសារាចរណែនាំ ឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នៅលើបណ្តាញទំនាក់ទំនងសង្គម ព្រោះការផ្សព្វផ្សាយនោះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម ។
បន្ទាប់ពីទទួលបានសារាចរណែនាំខាងលើនេះរួចមក អគ្គស្នងការនគរបាលជាតិ បានដាក់ឱសានវាទ ត្រឹមថ្ងៃ១០ធ្នូ ឱ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន ធ្វើការលុបចោលព័ត៌មានល្បែងអនឡាញពីបណ្តាញសង្គម បើមិនដូច្នោះ សមត្ថកិច្ចនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ៕
អត្ថបទ ៖ កុម្ភះ




