កណ្ដាល ÷ រាជរដ្ឋាភិបាលកំពុងបន្តជំរុញលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដឹកជញ្ជូននៅជនបទ និងការលើកកម្រិតផ្លូវជនបទពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើ ប្រាស់យូរអង្វែង ដើម្បីជំរុញដំណើរផ្នែកសង្គម-សេដ្ឋកិច្ចនៅតាមជនបទ។
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង ក្នុងការដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ ខ្សែ ប្រវែង ២ ពាន់ម៉ែត្រ និងការស្ថាបនាលូប្រអប់ មានទ្វារទឹកបិទបើកចំនួន១ កន្លែង ស្ថិតនៅភូមិវាលត្រែង ទៅភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៤ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល កម្ពុជា បាននិងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីឱ្យគ្រប់ភូមិជនបទទាំងអស់មានផ្លូវតភ្ជាប់ទៅកាន់គ្រប់ទិសទី។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ចំពោះបញ្ហានេះ រាជរដ្ឋាភិបាលក៏បានកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ការផ្តល់សេវាសង្គមនានាដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល, សេវាទឹកស្អាត, អនាម័យ, ទូរគមនាគមន៍, និងពង្រឹងកិច្ចសហប្រតិបត្តិការជាដើម ក្នុងនោះក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាព ជំនាញ ក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ និងជាសរសៃឈាមជួយជំរុញ ដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ។ តាមរយៈផ្លូវនិងលូខាងលើនេះ, ឯកឧត្តម ក៏បានកោតសរសើរ ចំពោះមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលបានយកចិត្តដាក់ខ្ពស់ លើការស្ថាបនាផ្លូវ និងលូទាំងនោះបានយ៉ាងល្អប្រសើរ។
ជុំវិញផ្លូវខាងលើនេះដែរ, ឯកឧត្តម អ៊ិន ចន្ថា នៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក៏បានលើក ឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងនោះរាជរដ្ឋាភិបាលបានកំពុងជំរុញលើកកម្ពស់ហេដ្ឋរចនាសម្ព័ន្ធនៅតាមជនបទ ដោយមិនទុកឱ្យប្រជាពលរដ្ឋពិបាក ឬគ្មានផ្លូវធ្វើដំណើរនោះឡើយ ជាក់ស្តែងផ្លូវខាងលើនេះជាដើម បានកំពុងសម្រួលដល់ការធ្វើ ដំណើររបស់ជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាសាធារណៈជនទូទៅផងដែរ។
សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១៕
អត្ថបទ៖ សុន រ៉ាឌី







