មេដឹកនាំគណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ប្រធានាធិបតី លោក Yoon Suk Yeol ចាំបាច់ត្រូវដកចេញពីអំណាចពីបទព្យាយាមដាក់ច្បាប់អាជ្ញាសឹក ដែលកំពុងបង្កើនសម្ពាធលើលោកឱ្យលាចេញពីតំណែង ទោះបីជាសមាជិកគណបក្សអំណាចប្រជាជនរបស់លោក កាលពីល្ងាចថ្ងៃសុក្រ ទី៦ ខែធ្នូ បានបញ្ជាក់ជាថ្មីនូវការប្រឆាំងជាផ្លូវការរបស់ខ្លួនចំពោះបទចោទប្រកាន់លើលោកប្រធានាធិបតី ក៏ដោយ។
នៅថ្ងៃសៅរ៍នេះ សមាជិកសភានឹងបោះឆ្នោតលើញត្តិរបស់គណបក្សប្រជាធិបតេយ្យជាគណបក្សប្រឆាំងធំដើម្បីដាក់ការចោទប្រកាន់លោក Yoon ជាអ្នកដែលបានធ្វើឱ្យប្រទេសមានភាពភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃអង្គារ នៅពេលដែលលោកបានផ្តល់អំណាចបន្ទាន់ដល់យោធា ដើម្បីលុបបំបាត់នូវអ្វីដែលលោកហៅថា «កងកម្លាំងប្រឆាំងរដ្ឋ» និងជម្នះលើអ្នកប្រឆាំងនយោបាយដែលរារាំងដំណើរការ។
លោក Yoon បានដកចេញសេចក្តីប្រកាសនេះ រយៈពេលប្រហែលប្រាំមួយម៉ោងក្រោយមក បន្ទាប់ពីសភា រួមទាំងសមាជិកមួយចំនួននៃគណបក្សរបស់លោក បានបោះឆ្នោតប្រឆាំងទៅនឹងក្រឹត្យនេះ។ ការបោះឆ្នោតដើម្បីដាក់ការចោទប្រកាន់ នឹងត្រូវបានកំណត់ពេលនៅម៉ោង៥ ល្ងាច ម៉ោងក្នុងស្រុក នៅថ្ងៃសៅរ៍នេះ។

