កងកម្លាំងឧទ្ទាមស៊ីរី បាននិយាយកាលពីថ្ងៃសុក្រ ទី៦ ខែធ្នូថា ការរុលចូលលឿនដូចផ្លេកបន្ទោររបស់ពួកគេ បានចូលទៅដល់កណ្តាលទីក្រុង Homs ដែលអាចដាក់ទីតាំងក្រុមបះបោរដើម្បីផ្តួលរំលំក្រុងមួយផ្សេងទៀត ជាក្រុងយុទ្ធសាស្ត្រចំពោះការគ្រប់គ្រងអំណាចរបស់ប្រធានាធិបតី លោក Bashar al-Assad ។
ក្រុមអ៊ិស្លាមនិយម ជាអតីតសាខារបស់ក្រុមអាល់កៃដា ដែលបច្ចុប្បន្ននេះត្រូវបានគេស្គាល់ថា Hayat Tahrir al-Sham (HTS) បានធ្វើការអំពាវនាវចុងក្រោយ ឱ្យកងកម្លាំងដែលស្មោះត្រង់ទៅនឹងរដ្ឋាភិបាលរបស់លោក អាសាដ នៅទីក្រុងHoms ឱ្យចុះចាញ់។
ប្រភពព័ត៌មានពីក្រុមឧទ្ទាម បាននិយាយនៅព្រឹកថ្ងៃសៅរ៍នេះថា ពួកគេបានដណ្តើមការគ្រប់គ្រងទីក្រុង Daraa ភាគខាងត្បូង ជិតប្រទេសហ្ស៊កដានី បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីផ្តល់ឱ្យមន្ត្រីកងទ័ពឆ្លងកាត់ដោយសុវត្ថិភាពទៅកាន់រដ្ឋធានីដាម៉ាស សម្រាប់ការដកទ័ពចេញជាបន្តបន្ទាប់។
ប្រសិនបើក្រុមឧទ្ទាមមូស្លីមនិកាយស៊ុននី ដណ្តើមបានទីក្រុង Homs ពួកគេនឹងកាត់ផ្តាច់ទីក្រុង ដាម៉ាស ចេញពីឆ្នេរសមុទ្រ ជាទីតាំងរឹងមាំនៃនិកាយ Alawite ជនជាតិភាគតិចរបស់លោក Assad និងជាកន្លែងដែលសម្ព័ន្ធមិត្តរុស្ស៊ីរបស់លោក មានមូលដ្ឋានកងទ័ពជើងទឹក និងកងទ័ពអាកាស ស្ថិតនៅទីនោះ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សប្រទេសស៊ីរី ជាក្រុមឃ្លាំមើលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា មនុស្សរាប់ពាន់នាក់បានចាប់ផ្តើមភៀសខ្លួនចេញពីទីក្រុង Homs ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍ ឆ្ពោះទៅកាន់តំបន់ឆ្នេរ Latakia និងឆ្នេរ Tartus នៃសមុទ្រមេឌីទែរ៉ាណេ ដែលជាទីតាំងរឹងមាំរបស់រដ្ឋាភិបាល។

