អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃសុក្រទី៦ ខែធ្នូ ថា ខ្លួនកំពុងដាក់ពង្រាយអ្នកជំនាញ ដើម្បីជួយដល់អាជ្ញាធរសុខាភិបាលក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីស៊ើបអង្កេតជំងឺដែលពុំទាន់កំណត់អត្តសញ្ញាណ ពាក់ព័ន្ធនឹងអ្នកស្លាប់ច្រើននាក់ នៅក្នុងតំបន់ដាច់ស្រយាលរបស់ប្រទេស។
អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក កំពុងធ្វើដំណើរទៅកាន់តំបន់ Panzi ជាតំបន់មួយក្នុងខេត្ត Kwango ភាគនិរតី ជាកន្លែងដែលពួកគេនឹងនាំយកឱសថសំខាន់ៗ និងឧបករណ៍វិភាគរោគ ដើម្បីជួយវិភាគរកមូលហេតុនៃជំងឺ។
អង្គការសុខភាពពិភពលោក(WHO) និយាយថា ការធ្វើតេស្តនៅមន្ទីរពិសោធន៍កំពុងត្រូវបានអនុវត្តដើម្បីកំណត់ពីមូលហេតុ។ លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអាហ្រ្វិក បាននិយាយថា «អាទិភាពរបស់យើង គឺផ្តល់ការគាំទ្រដោយប្រសិទ្ធភាពដល់គ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់»។
លោកស្រី បាននិយាយបន្ថែមថា «កិច្ចខិតខំប្រឹងប្រែងទាំងអស់កំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុនៃជំងឺ ស្វែងយល់ពីវិធីនៃការចម្លងរបស់ជំងឺ និងធានាឱ្យមានការឆ្លើយតបសមស្របឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
អង្គការសុខភាពពិភពលោក និយាយថា រហូតមកដល់ពេលនេះមានករណីចំនួន ៣៩៤ ករណី និងអ្នកស្លាប់ចំនួន ៣០ នាក់ត្រូវបានរាយការណ៍មកក្នុងតំបន់សុខភាព Panzi ដោយដកស្រង់ទិន្នន័យពីក្រសួងសុខាភិបាលសាធារណៈ។
រោគសញ្ញានៃជំងឺនេះរួមមាន ឈឺក្បាល ក្អក ក្តៅខ្លួន ពិបាកដកដង្ហើម និងមានភាពស្លេកស្លាំង។

