អាជ្ញាធរបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១២នាក់បានស្លាប់ និង៣៩នាក់ផ្សេងទៀត បានរងរបួស ក្នុងការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន កាលពីថ្ងៃសុក្រ។
អង្គភាពសេវាសង្គ្រោះបន្ទាន់រដ្ឋ បាននិយាយថា មនុស្ស១០នាក់បានស្លាប់ និង២០នាក់ បានរងរបួសនៅពេលដែលការទម្លាក់គ្រាប់បែកពីលើអាកាសស៊ីបគោលដៅ បានវាយប្រហារទៅលើទីក្រុង Zaporizhzhia ភាគខាងត្បូង បង្កឲ្យមានការឆាបឆេះនៅស្ថានីយ៍សេវារថយន្តមួយកន្លែង។

អគ្គិភ័យដែលឆេះរាលដាលលើផ្ទៃដី២៥០ម៉ែត្រក្រឡា និងបានធ្វើឲ្យខូចខាតយានយន្ត៦គ្រឿង ដែលត្រូវបានពន្លត់ក្រោយមក។
លោក Oleksandr Vilkul ប្រធានក្រុមប្រឹក្សាការពារទីក្រុង បាននិយាយថា នៅទីក្រុង Kryvyi Rih ភាគកណ្តាលប្រទេសអ៊ុយក្រែន មីស៊ីលបាលីស្ទីកមួយគ្រាប់ បានវាយប្រហារធ្លាក់ទៅលើអគាររដ្ឋបាលរបស់ជនស៊ីវិល ដោយបានសម្លាប់មនុស្ស២នាក់ និង១៩នាក់ផ្សេងទៀត រងរបួស។
លោក Vilkul និយាយថា ការវាយប្រហារនេះ បានបំផ្លាញអគារលំនៅឋានចំនួន ៦ខ្នង លំនៅឋានឯកជនចំនួន៥ខ្នង និងរថយន្តមួយចំនួន។
