ក្រុមហ៊ុន TikTok ខិតចូលកាន់តែជិតដល់បម្រាមនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុន បានចាញ់បណ្តឹងឧទ្ធរណ៍ កាលពីថ្ងៃសុក្រ ទី៦ ខែធ្នូ ប្រឆាំងច្បាប់ដែលតម្រូវឱ្យកម្មវិធីចែករំលែកវីដេអូមួយនេះ ផ្តាច់ទំនាក់ទំនងចេញពីក្រុមហ៊ុនមេនៅក្នុងប្រទេសចិន នៅត្រឹមថ្ងៃទី១៩ ខែមករា ខាងមុខនេះ។
បម្រាមដ៏មានសក្តានុពល អាចធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន កាន់តែតានតឹង ខណៈ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ត្រៀមចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ខាងមុខ។
ក្រុមហ៊ុន TikTok និយាយថា ខ្លួននឹងប្តឹងឧទ្ធរណ៍ទៅតុលាការកំពូល ដែលអាចជ្រើសរើសការទទួលយករឿងក្តីនេះ ឬត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់តុលារការសហព័ន្ធប្រចាំតំបន់។
ក្រុមហ៊ុននិយាយថា «តុលាការកំពូល បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រមួយក្នុងការការពារសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋអាមេរិក ហើយយើងរំពឹងថា ពួកគេនឹងធ្វើដូច្នេះលើបញ្ហារដ្ឋធម្មនុញ្ញដ៏សំខាន់នេះ»។
ក្រុមហ៊ុន TikTok ក៏នឹងសម្លឹងមើលទៅលើលោក Trump ដោយលើកហេតុផលថា បម្រាមនេះនឹងផ្តល់ប្រយោជន៍ជាចម្បងដល់វេទិការបស់ក្រុមហ៊ុនមេ Facebook ដែលជាកម្មសិទ្ធិរបស់ លោក Mark Zuckerberg ។
ជំហររបស់លោក Trump បង្ហាញពីការរិះគន់បែបអភិរក្សនិយមកាន់តែទូលំទូលាយលើក្រុមហ៊ុន Meta សម្រាប់ការចោទប្រកាន់ថា បានដាក់សម្ពាធលើមាតិកាស្តាំនិយម រួមទាំងអតីតប្រធានាធិបតីខ្លួនឯងដែលត្រូវបានហាមឃាត់ពីក្រុមហ៊ុន Facebook បន្ទាប់ពីកុបកម្មនៅវិមាន Capitol នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយក្រុមអ្នកគាំទ្ររបស់លោក។
រដ្ឋាភិបាលសហរដ្ឋអាមេរិកចោទប្រកាន់ ក្រុមហ៊ុនTikTok ថា អនុញ្ញាតឱ្យទីក្រុងប៉េកាំងប្រមូលទិន្នន័យ និងចារកម្មលើអ្នកប្រើប្រាស់៕

