ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (សាលា RULE) នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ មានរៀបចំពិព័រណ៍អប់រំ ឆ្នាំ២០២៤ មានដាក់តាំងបង្ហាញនូវស្នាដៃនវានុវត្តន៍ (សម្ភារបង្កើតថ្មី) របស់សិស្សនិស្សិត ផ្ដល់ឱកាសការងារ សម្រាប់ពលរដ្ឋ និងនិស្សិតដែលកំពុងស្វែងរកការងារធ្វើ និងឱកាសសិក្សានៅក្រៅប្រទេសផងដែរ ។
លោកសាស្ត្រាចារ្យ ហាប់ ផលធី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានប្រសាសន៍ថា ពិព័រណ៍នេះ គឺធ្វើឡើងរយៈពេលតែមួយថ្ងៃ គឺនៅថ្ងៃទី៧ ខែធ្នូ ចាប់ពីម៉ោង៨ព្រឹក រហូតដល់យប់ ដែលមានស្ដង់ប្រមាណ ១០១ស្ដង់ ហើយការរៀបចំពិព័រណ៍នេះឡើង ក្នុងគោលបំណងចំនួន៥ចំណុច ជាមួយនឹងមានការប្រគំតន្រ្តី បង្កើតភាពសប្បាយរីករាយដល់អ្នកចូលរួម ។
លោកសាស្ត្រាចារ្យ បានបន្តថា សម្រាប់ពិព័រណ៍នេះ ដែលមានគោលគំនិតធំ គឺជំរុញការស្រាវជ្រាវរបស់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ឬវិទ្យាល័យ ដោយលើកទឹកចិត្តពួកគាត់ ឲ្យផលិតស្នាដៃ ការតែងសៀវភៅ ឬបោះពុម្ភអត្ថបទផ្សេងៗ ។
សិស្សានុសិស្សយកស្នាដៃតាំងក្នុងពិព័រណ៍ និងនិស្សិតចូលរួម បានលើកឡើងថា ពួកគេពិតជាសប្បាយចិត្ត ដែលបាននាំយកស្នាដៃរបស់ខ្លួនដាក់តាំងបង្ហាញក្នុងពិព័រណ៍ ហើយគាំទ្រការរៀបចំពិព័រណ៍នេះ ដែលបានផ្ដល់ឱកាសទាំងការសិក្សាស្រាវជ្រាវ ឱកាសការងារ និងបង្កភាពសប្បាយរីករាយជាដើម។
គួរបញ្ជាក់ថា ការៀបចំពិព័រណ៍នៅក្នុងភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនេះ គឺជាលើកទី៤ ហើយ ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៧, លើកទី២ នៅឆ្នាំ២០១៨, លើកទី៣ នៅឆ្នាំ២០២៣ ហើយឆ្នាំ២០២៤នេះ គឺជាលើកទី៤ ៕ អត្ថបទ បាន សុខរិទ្ធិ








