ភ្នំពេញ៖ តាមការគ្រោងទុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិព័រណ៍វារីវប្បកម្មកម្ពុជា លើកទី១ នៅថ្ងៃទី៦ និង៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគុណភាព និងដើម្បីជំរុញការធ្វើទំនាក់ទំនង ចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា។

ក្នុងពិធីបើកពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ កាលពីល្ងាចថ្ងៃទី៦ ខែធ្នូកន្លងទៅ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ចំពោះគោលបំណងចម្បងនៃការរៀបចំព្រឹត្តការណ៍នេះឡើង គឺបង្កើនការយល់ដឹងឲ្យបានទូលំទូលាយអំពីអនុវិស័យវារីវប្បកម្មនៅកម្ពុជា , បង្កើតឱកាសសម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់ ឬរៀនសូត្រអំពីការចិញ្ចឹមវារីវប្បកម្មសត្វ ឬវារីរុក្ខជាតិនិងការកែច្នៃ និងដើម្បីកែប្រែទស្សនៈអ្នកបរិភោគផលិតផលមកពីវារីវប្បកម្ម ដែលតែងតែគិតថា មិនមានសុវត្ថិភាព និងគ្មានអនាម័យជាដើម ក៏ដូចជាដើម្បីបំផុសចលនាសាធារណៈជនឲ្យចូលរួមផុសផុលក្នុងការគាំទ្រផលិតផលវារីវប្បកម្មក្នុងស្រុក។

ឯកឧត្តម ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម លើកឡើងថា បច្ចុប្បន្នការអភិវឌ្ឍវារីវប្បកម្មនៅកម្ពុជា កំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដូចជា ទីផ្សារពុំមានស្ថិរភាពសម្រាប់កសិករយកត្រីទៅលក់ដោយផ្ទាល់ អស្ថិរភាពនៃការផ្គត់ផ្គង់ត្រីនៅលើទីផ្សារឱ្យបានពេញមួយឆ្នាំ តម្លៃផលវារីវប្បកម្មរបស់ប្រទេសជិតខាងមានតំលៃថោក បច្ចេកទេសនៃការចិញ្ចឹមត្រី និងផលិតកូនត្រីពូជរបស់វារីវប្បករនៅមានកម្រិត ទំហំនៃការវិនិយោគក្នុងវិស័យវារីវប្បកម្មទ្រង់ទ្រាយតូច កន្លែងប្រមូលផ្តុំនិងចែកចាយត្រីពុំទាន់គ្រប់គ្រាន់តាមតម្រូវការ ការចងក្រងបណ្តុំវារីវប្បករពុំទាន់បានទូលំទូលាយ ការកែច្នៃនិងការធ្វើពិពិធកម្មផលវារីវប្បកម្ម ដើម្បីទទួលបានតម្លៃបន្ថែមនៅមានកម្រិត។
ឯកឧត្តម សង្ឃឹមថា តាមរយៈការរៀបចំព្រឹត្តការណ៍ ២ថ្ងៃនេះ នឹងធ្វើឱ្យវិស័យវារីវប្បកម្មមានការវិវត្តស្របតាមបរិបទជាតិនិងអន្តរជាតិ។ ដូចនេះ នៅពេលដែលវិស័យវារីវប្បកម្មមានការរីកចម្រើន នឹងបានជួយដល់កំណើនប្រាក់ចំណូលរបស់វារីវប្បករ ពាណិជ្ជករ អាជីវករ និងកាលានុវត្តភាពការងារ តាមរយៈការនាំចេញផល ផលិតផលវារីវប្បកម្មទៅកាន់ទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ថា ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ បានរៀបចំឡើងនៅផ្សាររាត្រីសាន់សាញ ក្នុងបរិវេណបឹងកក់ រាជធានីភ្នំពេញ ដែលមានស្តង់ដាក់តាំងបង្ហាញលក់ទំនិញនានាសរុបជាង ១០០ស្តង់ មានដូចជា បន្លែ និងផ្លែឈើស្រស់ៗ ត្រីសាច់ និងអហារកែច្នៃជាដើម ដែលទំនិញទាំងអស់សុទ្ធសឹងជាផលិតផលក្នុងស្រុក៕ អត្ថបទ៖ ឈិត បូរ៉វី









