ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ នៅថ្ងៃសោរ៍ (ទី៧ ខែធ្នូ) នេះ បានឲ្យដឹងថា ទឹកជំនន់ និងបំណាក់ដី បានកើតមាននៅកោះជ្វា (Java) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីដើមសប្តាហ៍នេះ ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការឥតសម្រាក ដើម្បីស្វែងរកអ្នកបាត់ខ្លួន ៧នាក់ផ្សេងទៀត។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់យ៉ាងគំហុកភ្លាមៗ និងបំណាក់ដី នៅក្នុងស្រុក Sukabumi ក្នុងខេត្តជ្វាខាងលិខ (West Java) កាលពីថ្ងៃទី៣ ខែធ្នូ ដោយបានបំផ្លាញស្ពានយ៉ាងហោចណាស់ ១០កន្លែង និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែងរាប់រយខ្នង។
ក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៦ ខែធ្នូនេះ លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) បាននិយាយថា៖ «គិតត្រឹមវេលាម៉ោង ៩ព្រឹកថ្ងៃទី៦ ខែធ្នូ ទីភ្នាក់ងារត្រូវបានគេរាយការណ៍ប្រាប់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥នាក់ហើយ។ ក្រៅពីនោះ មនុស្ស ៧នាក់ទៀត នៅតែបាត់ខ្លួនដដែល»។
លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងសាងសង់ស្ពានបណ្ដោះអាសន្ន ដើម្បីបើកផ្លូវចូលទៅកាន់តំបន់រងគ្រោះ កំពុងបន្តធ្វើ។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីបានទទួលរងនូវព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ នាពេលថ្មីៗនេះ ដែលអ្នកជំនាញលើកឡើងថា ទំនងជាបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។ កាលពីខែវិច្ឆិកា ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានបំណាក់ដី និងទឹកជំនន់យ៉ាងគំហុកភ្លាមៗ នៅកោះស៊ូម៉ាត្រា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់៕

