ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលជួបបញ្ហា នៅថ្ងៃសៅរ៍ (ទី៧ ខែធ្នូ) បានសម្រេចមិនលាលែងពីតំណែងនោះឡើយ បើទោះបីហាក់ដូចជាស្ទើរតែបានធ្វើបែបហ្នឹងក្ដី ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់លោក ដោយការបោះឆ្នោត ដើម្បីចោទប្រកាន់រូបលោកនៅសល់ប៉ុន្មានម៉ោងទៀត ហើយការតវ៉ាតាមដងផ្លូវដ៏ធំគ្រោងធ្វើឡើងនៅទីក្រុងសេអ៊ូល។
គួរបញ្ជាក់ថា លោក Yoon បានធ្វើឲ្យប្រទេសរបស់លោក និងសហគមន៍អន្តរជាតិភ្ញាក់ផ្អើល កាលពីយប់ថ្ងៃអង្គារ ដោយការចេញច្បាប់អាជ្ញាសឹកជាលើកដំបូង ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ និងការដាក់ពង្រាយកងទ័ព និងឧទ្ធម្ភាគចក្រ នៅសភា។ ប៉ុន្តែសមាជិកសភាបានជោគជ័យក្នុងការបោះឆ្នោតបដិសេធក្រឹត្យនេះ ដោយជំរុញឲ្យលោក Yoon លុបចោលបទបញ្ជានេះ នាព្រឹកព្រលឹមថ្ងៃពុធ ដោយនេះជារាត្រីនៃរឿងរ៉ាវរំជើបរំជួលដ៏ធំមួយ សម្រាប់ប្រទេសដែលត្រូវបានទទួលស្គាល់ថា លទ្ធិប្រជាធិបតេយ្យមានស្ថិរភាព។
ជាលើកទីមួយដែលលោកបានបង្ហាញខ្លួននៅចំពោះមុខសាធារណជន ចាប់តាំងពីបានរុញប្រទេសឲ្យធ្លាក់ចូលទៅក្នុងភាពវឹកវរផ្នែកនយោបាយ តាមរយៈសុន្ទរកថា នៅលើកញ្ចក់ទូរទស្សន៍ លោក Yoon បាននិយាយថា៖ «ការប្រកាសច្បាប់អាជ្ញាសឹកកើតឡើងពីភាពបន្ទាន់របស់ខ្ញុំ ក្នុងនាមជាប្រធានាធិបតី។ ទោះជាយ៉ាងនេះក្តី ក្នុងដំណើរការនេះ ខ្ញុំបានបង្កឲ្យមានការព្រួយបារម្ភ និងការរំខានដល់សាធារណជន។ ខ្ញុំសូមអភ័យទោសដោយស្មោះ ចំពោះពលរដ្ឋដែលរងទុក្ខជាខ្លាំងទាំងអស់»។
គណបក្សប្រឆាំង និងសូម្បីតែសមាជិកសំខាន់ៗនៃគណបក្សរបស់លោកផ្ទាល់ បានអំពាវនាវឲ្យលោកចុះចេញពីតំណែង ហើយសភាគ្រោងបោះឆ្នោតនៅយប់ថ្ងៃសៅរ៍នេះ ជុំវិញការចោទប្រកាន់លើរូបលោក បើទោះបីជាមេដឹកនាំគណបក្សប្រឆាំង បានប្រាប់សារព័ត៌មាន AFP ថា វាមិនច្បាស់នោះទេថា ញត្តិនេះអាចទទួលបានការអនុម័តដែរ ឬអត់នោះ។
លោក Yoon មិនបានស្នើសុំលាលែងពីតំណែងនោះឡើយ នៅក្នុងសុន្ទរកថាខ្លីរបស់លោក ដោយត្រឹមតែប្រាប់ថា លោកនឹងប្រគល់ឲ្យគណបក្សនូវវិធានការរក្សាស្ថិរភាពស្ថានការណ៍នយោបាយ ក្នុងនោះរួមទាំងអាណត្តិរបស់លោកក្នុងតំណែងផងដែរ៕
