ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន កាលពីថ្ងៃសុក្រ (ទី៦ ខែធ្នូ) បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានវាយប្រហារមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យដែលនៅតែដំណើរការដោយផ្នែកខ្លះចុងក្រោយ នៅភាគខាងជើងតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ ក្នុងនោះរួមទាំងបុគ្គលិកសុខាភិបាល ៤នាក់ផងដែរ ហើយជាច្រើននាក់ផ្សេងទៀតរងរបួស។

ដោយនិយាយពីតំបន់ហ្កាហ្សាទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Rik Peeperkorn តំណាងទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ (UN) សម្រាប់ដែនដីកាន់កាប់ប៉ាឡេស្ទីន បានប្រាប់ថា មិនមានការព្រមានផ្លូវការឡើយ មុនពេលមានការវាយប្រហារនោះ។
លោកបាននិយាយថា៖ «មានការផ្ទុះយ៉ាងខ្លាំងក្លា នៅជុំវិញមន្ទីរពេទ្យ Kamal Adwan។ ព្រឹកព្រលឹមប្រហែលម៉ោង ៤ ឃើញមានរថក្រោះរបស់ IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) នៅខាងក្រៅមន្ទីរពេទ្យ ហើយប្រជាជននៅទីនោះ ត្រូវបានជូនដំណឹង និងប្រាប់ថា អ្នកគ្រប់គ្នាត្រូវរើចេញទៅក្រៅមន្ទីរពេទ្យ។ មិនមានការបញ្ជាឲ្យជម្លៀសចេញជាផ្លូវការនោះទេ»។
លោក Peeperkorn បានឲ្យដឹងបន្ថែមថា ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ (EMT) ត្រូវបាន UN បញ្ជូនទៅកាន់មន្ទីរពេទ្យ Kamal Adwan ហើយប្រេងឥន្ធនៈ ១០.០០០លីត្រ កេសដាក់ម្ហូបអាហារសម្រាប់អ្នកជំងឺ និងបុគ្គលិក ហើយនិងអង្គភាពផ្នែកឈាម ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនោះផងដែរ។ លើសពីនេះទៀត លោកបានកត់សម្គាល់ថា EMT ត្រូវតែដកចេញវិញ ក្នុងរយៈពេលមួយសប្តាហ៍ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលនេះ។
យ៉ាងណាក្ដី អ៊ីស្រាអែលបានបដិសេធរបាយការណ៍ពីការវាយប្រហារ ឬការវាយលុកចូលមន្ទីរពេទ្យ Kamel Adwan កាលពីថ្ងៃសុក្រនោះ ដោយបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែលបានធ្វើប្រតិបត្តិការយោធា នៅជិតមន្ទីរពេទ្យប៉ុណ្ណោះ ហើយការវាយប្រហារលើពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន និងកន្លែងនានា នៅភាគខាងជើងហ្កាហ្សាស្ទ្រីប នឹងត្រូវបន្តមាន៕
