រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃសៅរ៍ (ទី៧ ខែធ្នូ) នេះ បានការពារកំណត់ត្រារបស់ខ្លួន ស្តីពីការទប់ស្កាត់ការប្រឆាំងជនជាតិជ្វីហ្វ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់ថា ប្រទេសនេះមានគោលនយោបាយប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីមានការវាយប្រហារដោយដុត នៅវិហារជ្វីហ្វ ក្នុងទីក្រុង Melbourne។

លោក Netanyahu បានចោទប្រកាន់រដ្ឋាភិបាលនៃគណបក្សឆ្វេងនិយមកណ្ដាល គឺគណបក្សការងាររបស់នាយករដ្ឋមន្ត្រី លោក Anthony Albanese ថា បានជួយជំរុញឲ្យមានឧក្រិដ្ឋកម្មបែបនេះ ដូចជាការវាយប្រហារកាលពីថ្ងៃទី៦ ខែធ្នូ លើវិហារជ្វីហ្វ Adass Israel តាមរយៈគោលនយោបាយ ដែលមានរួមទាំងការគាំទ្រញត្តិរបស់អង្គការសហប្រជាជាតិ (UN) នាពេលថ្មីៗនេះ ដែលគាំទ្ររដ្ឋប៉ាឡេស្ទីន។
លោក Netanyahu បានបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «ជាសំណាងមិនល្អ អំពើឧក្រិដ្ឋកម្មនេះ មិនអាចបំបែកចេញបានឡើយពីស្មារតីប្រឆាំងអ៊ីស្រាអែល ដែលកំពុងរាលដាលចេញពីរដ្ឋាភិបាលរបស់គណបក្សការងារក្នុងប្រទេសអូស្ត្រាលី»។
ជាការឆ្លើយតប រដ្ឋមន្ត្រីអូស្ត្រាលីទទួលបន្ទុកការងារ និងទំនាក់ទំនងនៅកន្លែងធ្វើការ លោក Murray Watt បាននិយាយថា៖ «រដ្ឋាភិបាលរបស់លោក Albanese បានចាត់វិធានការខ្លាំងក្លាជាច្រើន ដើម្បីរារាំងពួកប្រឆាំងជនជាតិជ្វីហ្វនិយម ហើយនិងដើម្បីលុបបំបាត់ទង្វើបែបនេះចេញពីសហគមន៍របស់យើង»។ លោក Watt បានបន្ថែមថា៖ «ដោយក្ដីគោរព ខ្ញុំមិនយល់ស្របជាមួយនាយករដ្ឋមន្រ្តី លោក Netanyahu ពាក់ព័ន្ធនឹងបញ្ហានេះ»។
គួរបញ្ជាក់ថា លោក Albanese បានថ្កោលទោសការវាយប្រហារកាលពីថ្ងៃទី៦ ខែធ្នូ ដោយនិយាយថា មិនមានទីកន្លែងទុកសម្រាប់ពួកប្រឆាំងនឹងជនជាតិជីហ្វនិយមនោះទេ នៅក្នុងប្រទេសអូស្ត្រាលី។
នគរបាល បាននិយាយនៅថ្ងៃទី៧ ខែធ្នូនេះថា ពួកគេនៅតែកំពុងស្វែងរកមនុស្ស ២នាក់ដែលសង្ស័យថាមានចេតនាបង្កឲ្យមានអគ្គិភ័យ នៅវិហារជ្វីហ្វ ដែលហេតុការណ៍នោះបានធ្វើឲ្យមនុស្សម្នាក់រងរបួស និងបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុង Melbourne ដែលរដ្ឋធានីរបស់រដ្ឋ Victoria៕

