ក្រុមអ្នកជំនាញបាននិយាយថា ប្រទេសរុស្ស៊ីបានបង្កើនយុទ្ធសាស្ត្រធ្វើសង្គ្រាមចម្រុះរបស់ខ្លួន នៅសមុទ្របាល់ទិក ហើយបណ្តាប្រទេសនៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) ក្នុងតំបន់នេះ គួរតែរៀបចំត្រៀមសម្រាប់ការរាលដាលជម្លោះជាមួយទីក្រុងមូស្គូ បន្ទាប់ពីខ្សែកាបត្រូវបានកាត់ផ្តាច់ និងប្រព័ន្ធរុករកត្រូវបានធ្វើឲ្យច្របូកច្របល់។

ទីក្រុងប៊ែរឡាំង បានឲ្យដឹងនៅសប្តាហ៍នេះថា ថ្មីៗនេះ នាវាដឹកទំនិញរុស្ស៊ី បានបាញ់ភ្លើងសញ្ញាសំដៅឧទ្ធម្ភាគចក្រយោធាអាល្លឺម៉ង់ ដែលជាសញ្ញាមួយផ្សេងទៀតនៃភាពតានតឹងកើនឡើង នៅសមុទ្របាល់ទិកដែលប្រទេសជាប់ព្រំដែនទាំងអស់ លើកលែងតែរុស្ស៊ី ឥឡូវនេះ គឹជាសមាជិករបស់អង្គការណាតូ។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃទី៥ ខែធ្នូថា៖ «បច្ចុប្បន្នមានការកើនឡើងនូវកងនាវាចរ និងនាវាស៊ីវិលរបស់រុស្ស៊ី នៅក្នុងសមុទ្របាល់ទិក។ វត្តមាននេះកំពុងកើនឡើងយ៉ាងខ្លាំង»។ លោកបានបន្ថែមថា៖ «អ្វីដែលកងទ័ពជើងទឹករុស្ស៊ី កំពុងព្យាយាមធ្វើ គឺបញ្ជូនសញ្ញា ដើម្បីប្រាប់ពួកយើងថា ពួកគេនៅទីនេះ»។
ក្នុងពេលជាមួយគ្នា លោក Konstantin Kalachev អ្នកវិភាគនយោបាយរុស្ស៊ី បាននិយាយថា «រុស្ស៊ីមិនចូលចិត្តទស្សនៈ ដែលថា សមុទ្របាល់ទិក នឹងក្លាយជា «បឹង» របស់អង្គការណាតូនោះទេ។
គួរបញ្ជាក់ថា ភាពតានតឹងនៅក្នុងតំបន់នេះ បានកើនឡើងចាប់តាំងពីការលុកលុយយ៉ាងពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយបណ្តាប្រទេសនៅអឺរ៉ុប តែងតែបង្ហាញការព្រួយបារម្ភ អំពី «ការវាយប្រហារចម្រុះ» ដែលការទទួលខុសត្រូវត្រូវបានដាក់ទៅលើប្រទេសរុស្ស៊ី។
អតីតមេបញ្ជាការកងទ័ពជើងទឹកដាណឺម៉ាក លោក Nils Wang បានប្រាប់សារព័ត៌មាន AFP ថា៖ «សមុទ្របាល់ទិកស្ថិតនៅក្នុងតំបន់ប្រផេះមួយ រវាងសង្រ្គាម និងសន្តិភាព ដែលបណ្ដាប្រទេសអង្គការណាតូ ត្រូវត្រៀមខ្លួនសម្រាប់ការយាយីគ្រប់យ៉ាង»។ លោកបានបន្ថែមថា រុស្ស៊ីចង់បង្ហាញដោយជាក់ស្ដែងថា «ខ្លួននៅតែអាចបង្កបញ្ហាដល់អង្គការណាតូ ក្នុងការធ្វើប្រតិបត្តិការ នៅតំបន់បាល់ទិក»៕
