នាយកដ្ឋានពន្លត់អគ្គិភ័យមូលដ្ឋាន បានឲ្យដឹងថា អគារផ្ទះល្វែងមួយខ្នង ត្រូវបានរងគ្រោះដោយការផ្ទុះ និងអគ្គិភ័យ នៅក្នុងសង្កាត់លំនៅដ្ឋានមួយនៃទីក្រុងឡាអេ ប្រទេសហូឡង់ នាព្រឹកថ្ងៃសៅរ៍នេះ ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់មនុស្ស ៤នាក់ រងរបួស។

នាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងឡាអេ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «នៅវេលាម៉ោងប្រហែល ៦:១៥ព្រឹក អាគារផ្ទះល្វែងកម្ពស់ ៣ជាន់ បានបាក់រលំដោយផ្នែកៗ ហើយអគ្គិភ័យបានឆាបឆេះឡើង។ រហូតមកដល់ពេលនេះ មានជនរងគ្រោះ ៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ»។
ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុនៅឡើយទេ ពាក់ព័ន្ធនឹងហេតុកាណ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយ NOS បានសម្ភាសអ្នកជិតខាងម្នាក់ដែលបានរាយការណ៍ថា បានឮក្មេងស្រែកឲ្យជួយ ខណៈពេលដែលអគារនេះ ត្រូវបានឆាបឆេះ។
រូបភាពនៃទិដ្ឋភាពនេះដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម X ពីអគារខ្ពស់មួយ នៅក្បែរនោះ បានបង្ហាញផ្នែកមួយ ដែលហ៊ុមព័ទ្ធផ្ទះល្វែងចំនួន ៥ខ្នង បានក្លាយទៅជាផេះ និងកម្ទេចថ្ម។
នាយករដ្ឋមន្ត្រី លោក Dick Schoof បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកមានការតក់ស្លុតចំពោះរូបភាពនៃគ្រោះមហន្តរាយនេះ ហើយបានផ្តល់ជំនួយដល់អាជ្ញាធរមូលដ្ឋាន៕
