នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani បានមានបន្ទូលនៅថ្ងៃសៅរ៍នេះថា ប្រទេសកាតាកំពុងធ្វើការជាមួយរដ្ឋបាលនាពេលខាងមុខរបស់លោក Donald Trump ស្ដីពីបញ្ហា នៅតំបន់ហ្កាហ្សា បន្ទាប់ពីដឹងនូវសន្ទុះថ្មី សម្រាប់ការចរចាបទឈប់បាញ់ ក្រោយការបោះឆ្នោត នៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា យោងតាមអាជ្ញាធរសុខាភិបាល តំបន់ហ្កាហ្សា បានឲ្យដឹងថា សង្គ្រាម នៅតំបន់ហ្កាហ្សា បានបន្តអូសបន្លាយជាង ១៤ខែ ដោយតំបន់តូចៗជាច្រើន ត្រូវបានបំផ្លាញឲ្យក្លាយទៅជាគំនរបាក់បែក ហើយប្រជាជនប៉ាឡេស្ទីនជាង ៤៤.០០០នាក់ ត្រូវបានសម្លាប់ ខណៈដែលកងកម្លាំងអ៊ីស្រាអែលបន្តកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីកម្ចាត់ក្រុមហាម៉ាស និងនាំយកចាប់ចំណាប់ថ្នូរដែលត្រូវបានចាប់ដោយក្រុមសកម្មប្រយុទ្ធត្រលប់មកវិញ។
ប្រភពមួយបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា បេសកជនតំបន់មជ្ឈិមបូព៌ារបស់លោក Trump បានធ្វើដំណើរទៅកាន់កាតា និងអ៊ីស្រាអែល ដើម្បីចាប់ផ្តើមការជំរុញផ្នែកការទូតរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ថ្នូរ មុនពេលការចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា។
ហើយនៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុង Doha ព្រះអង្គម្ចាស់ Al Thani បានមានបន្ទូលថា៖ «យើងបានឃើញការជំរុញជាច្រើនពីរដ្ឋបាលនាពេលខាងមុខ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ សូម្បីតែមុនពេលលោកប្រធានាធិបតីចូលកាន់តំណែង ហើយនោះពិតជាបានធ្វើឲ្យយើងប្រឹងប្រែងគ្រប់យ៉ាង ដើម្បីឲ្យការចរចាដំណើរការឡើងវិញ ហើយយើងបាន និងកំពុងធ្វើការ ក្នុង ២-៣ សប្ដាហ៍កន្លងមកនេះ»៕


