បាត់ដំបង ៖ សាលារៀនមួយចំនួននៅក្នុងខេត្តបាត់ដំបង អាចនឹងមិនទាន់បើកដំណើរការបាន នៅដើមខែក្រោយ តាមការគ្រោងទុក ដោយសារសាលាខ្លះ នៅជាប់ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងជាមណ្ឌលចត្តាឡីស័ក ទោះបីជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅតាមសាលារៀន កំពុងត្រូវបានផ្ទេរទៅកាន់មណ្ឌលព្យាបាលថ្មី នៅជាយដែនជាបន្តបន្ទាប់ក៏ដោយ។
អ្នកជំងឺកូវីដ១៩នៅទូទាំងខេត្តបាត់ដំបង ជាពិសេសអ្នកកំពុងសម្រាកព្យាបាលនៅតាមសាលារៀន កំពុងត្រូវបានផ្ទេរទៅកាន់មណ្ឌលព្យាបាលថ្មី នៅជាយដែនជាបន្តបន្ទាប់ ដើម្បីយកសាលារៀនប្រគល់ឲ្យសិស្សានុសិស្សសិក្សារៀនសូត្រឡើងវិញ។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានបង្ហាញពីការត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់បើកដំណើរការសាលារៀនដំណាក់កាលទី២ នៅគ្រប់កម្រិត ចាប់ពីថ្នាក់មត្តេយ្យបឋម ដល់មធ្យមសិក្សា តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
លោក បានបញ្ជាក់ថា សម្រាប់ថ្នាក់មធ្យមសិក្សា គឺបើកដំណើរការគ្រប់ថ្នាក់ ចាប់ពីថ្នាក់ទី៧ដល់ទី១២ ហើយថ្នាក់បឋមសិក្សា គឺបើកសម្រាប់ថ្នាក់ទី៤ ទី៥ និងទី៦ ។ ចំពោះមត្តេយ្យសិក្សា គឺបើកតែមត្តេយ្យដាច់ដោយឡែក និងមត្តេយ្យសហគមន៍តែប៉ុណ្ណោះ។
លោក បានឱ្យដឹងបន្ថែមថា ចំពោះសាលារៀនដែលជាប់ជាមណ្ឌលចត្តាឡីស័ក ឬមណ្ឌលព្យាបាលអាចនឹងមានការយឺតយ៉ាងតិចតួច ក្នុងការបើកដំណើរការនៅដើមខែក្រោយ។
រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងមកនេះ បានសម្រេចអនុញ្ញាតឲ្យបើកឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដំណាក់កាលទី១ សម្រាប់តែអនុវិទ្យាល័យ ថ្នាក់ទី៩ និងវិទ្យាល័យថ្នាក់ទី១២។ បន្ទាប់ពីបើកដំណើរការបានមួយរយៈពេល ក៏មានសាលារៀនមួយចំនួន ត្រូវបានបិទវិញជាបន្តបន្ទាប់ ដោយសារកំណើននៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។
រដ្ឋបាលខេត្តបាត់ដំបង បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលទទួលបានការអនុញ្ញាតឲ្យបើកដំណើការត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ និងយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្របតាមបរិការណ៍ សកម្មភាពបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩៕
អត្ថបទ៖ នឿត សុភក្ត្រ