ភ្នំពេញ៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាបទល្មើសផ្សេងៗ អនុវត្តតាមប្រមុខថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹងនិងបទល្មើសផ្សេងៗដើម្បីបង្ការទប់ស្កាត់ រាល់បទល្មើស នៅក្នុងមូលដ្ឋាន។
ជាក់ស្ដែងនៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករានិងជាប្រធានគណៈបញ្ជាការឯកភាពបានដឹកនាំផ្ទាល់ កម្លាំងចម្រុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹងនិងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់និងដើម្បីបង្កើនភាពសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋឲ្យមានភាពប្រសើរ។
លោក ថេង សុថុល ប្រធានគណៈបញ្ជាការឯកភាព បានដឹកនាំចុះផ្ទាល់បានឲ្យដឹងថាការចុះត្រួតពិនិត្យនិងអនុវត្តច្បាប់ចរាចរណ៍នេះយោងតាមថ្នាក់ដឹកនាំដែលដាក់បទបញ្ជាឲ្យដាក់ត្រួតពិនិត្យជាប់ជាប្រចាំនិងតាមបណ្ដាលគោលដៅផ្សេងៗនៅក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសជាពិសេសគឺបទល្មើសគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងមួយថ្ងៃមួយថ្ងៃជាច្រើនករណី បណ្ដាលឱ្យមានមនុស្សរងរបួសនិងស្លាប់ជាប់ជាប្រចាំផងដែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យើងទាំងអស់គ្នាសូមចូលរួមគោរពច្បាប់ចរាចរណ៍កុំបើកបរក្នុងពេលស្ថានភាពស្រវឹង។
ឆ្លៀតក្នុងឱកាសនេះ លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចដែលចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅ ជាប្រយោជន៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ៕
អត្ថបទ៖ កុម្ភះ







