បើតាមប្រធានគណបក្សរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា លោក Yoon Suk Yeol (យូន សុខ យុល) នៅទីបំផុត នឹងចុះចេញពីតំណែង បន្ទាប់ពីមានការប៉ុនប៉ងដ៏ខ្ជីខ្ជាដាក់ចេញច្បាប់អាជ្ញាសឹក នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី៤ របស់តំបន់អាស៊ី។
ការលើកឡើងនោះគឺបន្ទាប់ពីលោក Yoon បានរួចផុតពីញត្តិចោទប្រកាន់ នៅក្នុងសភា កាលពីថ្ងៃសៅរ៍ (ទី៧ ខែធ្នូ) ដោយសារសមាជិកនៃគណបក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាចរបស់លោក បានធ្វើពហិការមិនចូលរួមការបោះឆ្នោត។
បាតុករប្រឆាំង បាននាំគ្នាស្រែកដាក់សមាជិកសភាដែលដើរចេញមិនបោះឆ្នោត ដោយហៅពួកគេថា ជា «អ្នករួមគំនិត»។ ញត្តិនេះបានបរាជ័យ ក្នុងការទទួលបានសំឡេងយ៉ាងតិចបំផុត ២០០សំឡេង ដើម្បីឲ្យសណើនេះមានប្រសិទ្ធភាព ដោយបានបង្ខំឲ្យប្រធានរដ្ឋសភា លោក Woo Won-shik (វ៉ូ វ៉ុន-ស៊ីគ) ប្រកាសថា ញត្តិនេះត្រូវលុបចោល។
កាលពីព្រឹកថ្ងៃសៅរ៍ លោក Yoon បានសុំទោសដល់ប្រជាជនទាំងអស់នៃប្រទេសរបស់លោក នៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោក គិតចាប់តាំងពីការលុបចោលបទបញ្ជាច្បាប់អាជ្ញាសឹក។ តែលោកមិនបានលាលែងពីតំណែងឡើយ។
បើទោះបីជាលោកមិនបានស្នើសុំចុះចេញពីតំណែងក៏ដោយ ក៏ប្រមុខគណបក្សរបស់លោក លោក Han Dong-hoon (ហាន ដុង ហួន) ក្រោយមក បាននិយាយថា គណបក្សបានសម្រេចថា លោក Yoon នឹងលាលែងពីតំណែង តាមវិធី «ដ៏សមរម្យ» មួយ។
លោក Han បានប្រាប់អ្នកសារព័ត៌មានថា រហូតដល់លោក Yoon ចាកចេញ លោកនឹងត្រូវបាន «ដកចេញពីតំណែងរបស់លោកយ៉ាងមានប្រសិទ្ធភាព ហើយនាយករដ្ឋមន្រ្តី នឹងពិគ្រោះយោបល់ជាមួយគណបក្សដើម្បីគ្រប់គ្រងកិច្ចការរដ្ឋ»។ ភ្លាមៗ មិនទាន់មានការនិយាយពីលោក Yoon ជុំវិញការអត្ថាធិប្បាយរបស់ Han នោះទេ៕