មណ្ឌលគិរី ៖ ក្រុមមន្ត្រីជំនាញ បានប្រលែងសត្វត្រកួតប្រមាណជិត២០ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ ដែលនេះជាការសង្គ្រោះជីវិតសត្វត្រកួតទាំងអស់នោះ ពីព្រានព្រៃ ខណៈពួកវាបម្រុងត្រូវគេយកទៅជួញដូរ ។
ប្រាប់តាមទូរសព្ទនៅរសៀលថ្ងៃទី២៦តុលាម្សិលមិញនេះ លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា សត្វត្រកួតដែលបង្ក្រាបបានពីព្រានព្រៃ មានចំនួន ១៨ក្បាល ដោយត្រូវបានប្រលែងឲ្យចូលទៅជម្រករបស់ពួកវាវិញ ក្នុងដែនក្នុងដែនជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី២៤តុលាកន្លងទៅ ។
លោកបន្តថា សត្វត្រកួតទាំងនេះ ត្រូវប្រទះឃើញ នៅពេលដែលមន្ត្រីឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការ ល្វេ និងស្នាក់ការម្រើច រួមទាំងកម្លាំងសហការល្បាតតាមដងទន្លេ ត្រង់ចំណុចពាមអូរឌឿរ ស្ថិតនៅភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ដោយមានជនសង្ស័យ បានចាប់ត្រកួតទាំងនេះពីក្នុងព្រៃ ហើយពេលជួបជាមួយក្រុមមន្ត្រីជំនាញកំពុងល្បាត ជនសង្ស័យទម្លាក់សត្វត្រកួតចោល និងរត់យករួចខ្លួនបាត់ ។
លោកប្រធានមន្ទីរបរិស្ថាន បានឲ្យដឹងទៀតថា សត្វត្រកួតមិនមែនជាសត្វមានច្រើននោះទេនៅក្នុងព្រៃ វាជាពពួកសត្វមានដោយបង្គួរ ហើយបច្ចុប្បន្នសត្វព្រៃដូចជាខ្ទីង-ទន្សោងជាដើម ក៏កំពុងមានការប្រឈមទៅ និងការបរបាញ់ ឬអន្ទាក់ផងដែរពីសំណាក់ព្រានព្រៃ ទោះបីមន្ត្រីឧទ្យានុរក្សប្រឹងប្រែងល្បាតទប់ស្កាត់យ៉ាងណាក៏ដោយ ដែលកត្តានេះ ក៏តម្រូវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមអភិរក្ស ៕
អត្ថបទ ៖ អ៊ិត ភីរុណ



