តំណាងរាស្ត្រគណបក្សអំណាចប្រជាជន (PPP) របស់ប្រទេសកូរ៉េខាងត្បូង លោក Choo Kyung-ho (ឆូ ឃ្យុង-ហូ) បានប្រកាសកាលពីថ្ងៃសៅរ៍ (ទី៧ ខែធ្នូ) ថា លោកនឹងលាលែងពីតំណែងជាប្រធានគណបក្ស។
សេចក្តីប្រកាសនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំទូទៅនៃសមាជិកសភាបក្សកាន់អំណាច បន្ទាប់ពីញត្តិចោទប្រកាន់ ចំពោះប្រធានាធិបតី លោក Yoon Suk Yeol (យូន សុខ យុល) ត្រូវបានលុបចោល បន្ទាប់ពីមិនបានឆ្លងសភាអនុម័ត។ ញត្តិចោទប្រកាន់ទាមទារឲ្យមានការគាំទ្រយ៉ាងតិច ២ភាគ៣ នៃសមាជិកសភាចំនួន ៣០០នាក់ ដើម្បីទទួលបានបការអនុម័ត។
លោក Choo ស្ថិតក្នុងចំណោមសមាជិកសភាគណបក្ស PPP ចំនួន ១០៥នាក់ ដែលធ្វើពហិការមិនចូលរួមការបោះឆ្នោត ដោយចាកចេញពីសភា។ គណបក្សកាន់អំណាចមានសមាជិកសភា ១០៨រូប ក្នុងសភាដែលមានសមាជិក ៣០០រូបនេះ។
គណបក្សប្រឆាំងដ៏ធំ គឺបក្សប្រជាធិបតេយ្យកូរ៉េ (Democratic Party of Korea) បានដាក់ពាក្យបណ្តឹងទៅការិយាល័យស៊ើបអង្កេតជាតិនៃទីភ្នាក់ងារនគរបាលជាតិ ដោយចោទប្រកាន់លោក Choo ថា បានឃុបឃិតជាមួយលោក Yoon ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ នៅពេលដែលប្រធានាធិបតី បានប្រកាសច្បាប់អាជ្ញាសឹក កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ។
លោក Choo ត្រូវបានគេចាត់ទុកថា ជាជំនួយការរបស់លោក Yoon នៅក្នុងបក្សកាន់អំណាច ដែលជារឿយៗ តែងតែមានការប៉ះទង្គិចជាមួយប្រធានគណបក្ស PPP លោក Han Dong-hoon (ហាន ដុង ហូន)។ បុរសវ័យ ៦៤ឆ្នាំ ដែលជាសមាជិកសភានៃក្រុមអភិរក្ស ៣អាណត្តិ ត្រូវបានជ្រើសរើសដោយគណបក្សរបស់លោកជាមេដឹកនាំទទួលបន្ទុកកិច្ចការនៅសភាតំណាងឲ្យបក្ស ក្នុងខែឧសភា ឆ្នាំ២០២៤៕