ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន នៅថ្ងៃអាទិត្យ (ទី៨ ខែធ្នូ) នេះ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក Yoon Suk Yeol បានរួចផុតពីការបោះឆ្នោតចោទប្រកាន់ ពាក់ព័ន្ធនឹងការប៉ុនប៉ងបង្កឲ្យកើតវិបត្តិ ដោយការដាក់ចេញច្បាប់អាជ្ញាសឹក។
គួរបញ្ជាក់ថា ញត្តិនេះមិនទទួលបានជោគជ័យនោះទេ ដោយសារតែការធ្វើពហិការមិនបោះឆ្នោតពីសំណាក់គណបក្សរបស់លោក Yoon បើទោះបីជាមនុស្សដ៏ច្រើន បានប្រឹងស៊ូទ្រាំនឹងសីតុណ្ហភាពដ៏ត្រជាក់ ក្នុងពេលយប់មួយផ្សេងទៀតនៃការតវ៉ា នៅខាងក្រៅសភា ក្នុងទីក្រុងសេអ៊ូល ដើម្បីទាមទារឲ្យមានការបញ្ចប់តំណែងរបស់លោកប្រធានាធិបតីចេញក៏ដោយ។
លោក Kim Yong-hyun (គីម យ៉ុង-យុន) បានលាលែងពីតំណែងជារដ្ឋមន្ត្រីការពារជាតិរួចហើយ បន្ទាប់ពីការព្យួររយៈពេលខ្លីលើការគ្រប់គ្រងស៊ីវិល កាលពីល្ងាចថ្ងៃអង្គារដើមសប្ដាហ៍នេះ ដោយលោក Yoon ដែលពេលនោះគេឃើញទាហាន និងឧទ្ធម្ភាគចក្រត្រូវបានដាក់ពង្រាយនៅសភា។
លោគ Yoon ត្រូវបង្ខំចិត្តដកបទបញ្ជានោះវិញ នៅប៉ុន្មានម៉ោងក្រោយមក ហើយសភាបានបោះឆ្នោតទម្លាក់ក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក។ លោក Kim ត្រូវបានដាក់បម្រាមមិនឲ្យធ្វើដំណើររួចហើយ។ ហើយនគរបាលបានបើកការស៊ើបអង្កេតលើលោក Yoon លោក Kim និងអ្នកផ្សេងទៀតពីបទបះបោរ។
យ៉ាងណាក្ដី ការិយាល័យរដ្ឋអាជ្ញាមិនទាន់អាចទាក់ទងបានភ្លាមៗនៅឡើយទេ ដើម្បីសុំការធ្វើអត្ថាធិប្បាយលើការចាប់ខ្លួនលោក Kim ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Yonhap (យុនហាប់) និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀត នាព្រឹកថ្ងៃអាទិត្យនេះ៕