សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ (ទី៧ ខែធ្នូ) បានបង្ហាញកញ្ចប់ជំនួយអាវុធ និងគ្រឿងយុទ្ធោបករណ៍ថ្មីដល់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ៩៨៨លានដុល្លារ ដើម្បីជួយគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ។
រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin (ឡយ អូស្ទីន) បានប្រកាសកញ្ចប់ថ្មីនេះ នៅឯវេទិកាការពារជាតិ Reagan (រីហ្គែន)។ ជាមួយគ្នានេះ លោក Austin បាននិយាយថា រដ្ឋបាលនាពេលខាងមុខរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ត្រូវតែ «ធ្វើការជ្រើសរើសដោយខ្លួនឯង« ថា តើត្រូវប្រឈមមុខជាមួយរុស្ស៊ី ឬយ៉ាងណា ប៉ុន្តែបានលើកឡើងថា លោកជឿថា អតីតប្រធានាធិបតី លោក Ronald Reagan (រ៉ូណាល់ រីហ្គែន) នឹងធ្វើដូច្នេះ។
លោក Trump បានរិះគន់ចំពោះការគាំទ្រទ្រង់ទ្រាយធំដល់អ៊ុយក្រែន នៅក្នុងសង្គ្រាមរបស់ប្រទេសនេះជាមួយរុស្ស៊ី។ លោក Austin បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden នឹង «ប្រគល់កិច្ចការនេះបន្ត» ក្នុងពេលឆាប់ៗនេះ ហើយបានជំរុញឲ្យរដ្ឋបាល លោក Trump «កសាងកម្លាំង» ដែលពួកគេបានបង្កើតឡើង៕