ភ្នំពេញ ៖ អាស៊ាន និងអូស្ត្រាលី បានស្រុះស្រួលគ្នាថា នឹងលើកកម្ពស់ទំនាក់ទំនងរបស់ផងខ្លួន ឱ្យដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយសារភាគីទាំងពីរ បានមើលឃើញពីតួនាទីស្នូលរបស់គ្នាទៅវិញទៅមក។
អាស៊ាននិងអូស្ត្រាលី នៅថ្ងៃទី២៧ ខែតុលានេះ បានបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួនលើកទី១ តាមរយៈប្រព័ន្ធវីដេអូ ដែលក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន និងអូស្ត្រាលី បានផ្លាស់ប្ដូរយោបល់គ្នាជាច្រើន ហើយជាពិសេស គឺការបើកទំព័រថ្មី នៃទំនាក់ទំនងប្រទេសដៃគូសន្ទនា រវាងអាស៊ាន-អូស្ត្រាលី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យដល់កម្រិតថ្មីមួយទៀត ជាពិសេសក្នុងការចូលរួមចំណែកបន្តលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ នេះបើតាមការឱ្យដឹងពីឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ក្នុងចំណោមប្រទេសជាដៃគូសន្ទនារបស់អាស៊ាននោះ ប្រទេសអូស្ត្រាលី គឺជាប្រទេសចាស់ជាងគេ ប៉ុន្តែជាលើកដំបូងហើយ ដែលមានកិច្ចប្រជុំកំពូលបែបនេះ។
ឯកឧត្ដម កៅ គឹមហួន បានឱ្យដឹងទៀតថា ប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពក្នុងការលើកកម្ពស់ នៃទំនាក់ទំនងភាពជាដៃគូ រវាងអាស៊ាន-អូស្ត្រាលី ឱ្យដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយប្រមុខរដ្ឋាភិបាលអាស៊ាន បានស្វាគមន៍អូស្ត្រាលី ក្នុងការបន្តការគាំទ្រតួនាទីស្នូលរបស់អាស៊ាន ជាពិសេសសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះ អូស្ត្រាលី ក៏បានផ្តល់ជំនួយជាច្រើន។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានចាត់ទុកថា អាស៊ាន ជាតំបន់មួយ ដែលមានពាណិជ្ជកម្មធំជាងគេ សម្រាប់អូស្ត្រាលី។ អ្វីដែលជាយន្តការ ដែលដឹកនាំដោយអាស៊ាន គឺលោកគាំទ្រទាំងស្រុង ជាពិសេសគាំទ្រការកសាងសហគមន៍អាស៊ាន ការធ្វើសមាហរណកម្មអាស៊ាន និងកាត់បន្ថយគម្លាតផ្នែកការអភិវឌ្ឍនៅតំបន់អាស៊ាន។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលជានីតិវិធីរបស់អូស្ត្រាលី គឺធ្វើយ៉ាងណាឲ្យចូលរួមដោយវិជ្ជមាន និងដោយស្ថាបនា រវាងអូស្ត្រាលី និងអាស៊ាន។ ជាចុងក្រោយ កិច្ចប្រជុំ ក៏មានការផ្លាស់ប្តូរមតិជុំវិញបញ្ហាតំបន់ ជាពិសេសសមុទ្រចិនខាងត្បូង សភាពការណ៍នៅមីយ៉ាន់ម៉ា និងឧបទ្វីបកូរ៉េ ជាដើម។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម កៅ គឹមហួន ៕
អត្ថបទ៖ មុត សុទ្ធ
