ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃសៅរ៍ (ទី៧ ខែធ្នូ) បានរៀបចំកិច្ចពិភាក្សា ៣ផ្លូវ ជាមួយសមភាគីអ៊ុយក្រែន លោក Volodymyr Zelenskyy និងលោក Donald Trump ដោយពិភាក្សាពីអ្វីដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិក បានហៅពិភពលោកថា «ច្របូកច្របល់បន្តិចហើយ» ។
ជំនួបរបស់លោក Zelenskyy ជាមួយលោក Trump នៅមុនពេលឥស្សរជនទាំង ៣នាក់ បានធ្វើដំណើរទៅកាន់វិហារ Notre-Dame ដើម្បីចូលរួមពិធីបើកសម្ពោធឡើងវិញព្រះវិហារដ៏អស្ចារ្យនៅទីក្រុងប៉ារីសមួយនេះ គឺជាជំនួបទល់មុខគ្នាជាលើកដំបូងរបស់លោកជាមួយនឹងមហាសេដ្ឋីដែលប្រែក្លាយទៅជាអ្នកនយោបាយ គិតចាប់តាំងពីលោកបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោត។
កិច្ចប្រជុំនេះ មានសារៈសំខាន់ចំពោះលោក Zelenskyy ដោយសារទីក្រុងគីវ មានក្ដីបារម្ភថា លោក Trump ដែលធ្លាប់អួតថា លោកអាចបញ្ចប់សង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោងនោះ អាចជំរុញឲ្យអ៊ុយក្រែនធ្វើសម្បទានដែនដីឲ្យទីក្រុងមូស្គូ។
ហើយវាក៏បានផ្តល់ឱកាសដ៏ពិសេសមួយ ដើម្បីឲ្យលោក Macron ទទួលបាននូវទស្សនាទានអំពីរបៀបដែលតំណែងប្រធានាធិបតីអាណត្តិទី២ របស់លោក Trump នឹងបង្ហាញ នៅពេលលោកចូលកាន់តំណែងក្នុងខែមករា ដោយការធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសជាដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់លោក ចាប់តាំងពីឈ្នះការបោះឆ្នោត។
នៅពេលដែលរៀបចំអង្គុយ ដើម្បីពិភាក្សាជាមួយលោក Macron លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «ពិភពលោកហាក់ដូចជាកំពុងច្របូកច្របល់បន្តិចហើយ នាពេលនេះ ហើយយើងនឹងពិភាក្សាអំពីបញ្ហានេះ»។
ទោះបីជាមានភាពតានតឹង រវាងថ្នាក់ដឹកនាំទាំង២ អំឡុងអាណត្តិដំបូងរបស់លោកក៏ដោយ ក៏លោក Trump បានពោលសរសើរទំនាក់ទំនងរបស់លោកជាមួយមេដឹកនាំបារាំងនិយមកណ្តាល ដោយនិយាយថា៖ «យើងមានទំនាក់ទំនងដ៏អស្ចារ្យដូចដែលគ្រប់គ្នាបានដឹង។ យើងសម្រេចកិច្ចការបានច្រើនណាស់»។
គួរបញ្ជាក់ថា លោក Trump និងលោក Zelenskyy បានបង្ហាញវត្តមានជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលរាប់សិបនាក់ផ្សេងទៀត ដើម្បីចូលរួមពិធីបើកសម្ពោធវិហារ Notre Dame ឡើងវិញ នៅទីក្រុងប៉ារីស បន្ទាប់ពីវិហារនេះបានបិទទ្វាររយៈពេល ៥ឆ្នាំកន្លះ ដោយសារអគ្គិភ័យឆាបឆេះបំផ្លិចបំផ្លាញស្ទើរទាំងស្រុង៕