នាយករដ្ឋមន្ត្រីស៊ីរី លោក Mohammed Ghazi Jalali (មហាមេដ ហ្កាហ្ស៊ី ចាឡាលី) នៅព្រឹកថ្ងៃអាទិត្យ (ទី៨ ខែធ្នូ) នេះ បាននិយាយថា រដ្ឋាភិបាលត្រៀមខ្លួនជាស្រេច ដើម្បី «រួមសហការគ្រប់យ៉ាង» ជាមួយក្រុមប្រឆាំង និងប្រគល់តួនាទីរបស់ខ្លួនឲ្យទៅរដ្ឋាភិបាលអន្តរកាល។
លោក Jalili បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា៖ «ខ្ញុំនៅតែស្ថិតក្នុងផ្ទះរបស់ខ្ញុំ ហើយខ្ញុំមិនបានចាកចេញនោះទេ ហើយនេះគឺដោយសារតែរបស់ខ្ញុំជាប្រជាជនរបស់ប្រទេសនេះ»។ លោកបានប្រាប់ថា លោកនឹងទៅការិយាល័យរបស់លោក ដើម្បីបន្តការងារ នៅពេលព្រឹក និងបានអំពាវនាវដល់ពលរដ្ឋស៊ីរីកុំឲ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
តែយ៉ាងក្ដី លោកមិនបាននិយាយពីសេចក្ដីរាយការណ៍ដែលថាប្រធានាធិបតីលោក Bashar al-Assad បានចាកចេញពីប្រទេសនោះឡើយ។ ការប្រកាសនេះធ្វើឡើងស្របពេលដែលប្រធានអ្នកឃ្លាំមើលសង្គ្រាមរបស់ក្រុមប្រឆាំងស៊ីរី បាននិយាយថា លោក Assad បានចាកចេញពីប្រទេសទៅកាន់ទីតាំងដែលមិនត្រូវបានបង្ហាញឲ្យដឹង នៅព្រឹកថ្ងៃអាទិត្យនេះ។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីនេះ ក៏កើតមានឡើងបន្ទាប់ពីក្រុមបះបោរស៊ីរី អះអាងថា ពួកគេបានចូលដល់ទីក្រុងដាម៉ាសហើយ ដោយបានរុលទៅមុខដ៏គួរឲ្យភ្ញាក់ផ្អើល នៅទូទាំងប្រទេស ខណៈដែលអ្នកស្រុកនៃរដ្ឋធានី បានរាយការណ៍ពីសំឡេងកាំភ្លើង និងការផ្ទុះ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃសៅរ៍ ក្រុមបះបោរបានប្រកាសថា ខ្លួនបានដណ្តើមយកក្រុង Homs ហើយ ខណៈដែលការដណ្តើមបានទីក្រុងនេះ គឺជាជ័យជម្នះដ៏ធំមួយ សម្រាប់ក្រុមឧទ្ទាម ដែលបានដណ្តើមកាន់កាប់ទីក្រុង Aleppo និង Hama ក៏ដូចជាផ្នែកមួយចំនួនធំនៃតំបន់ភាគខាងត្បូង ក្នុងការវាយលុកដ៏លឿនរហ័សដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៧ ខែវិច្ឆិកា៕