ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បានលាលែងពីតំណែង នៅថ្ងៃអាទិត្យ (ទី៨ ខែធ្នូ) នេះ បន្ទាប់ពីមានការប្រកាសច្បាប់អាជ្ញាសឹក ដែលបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពចលាចល។
យោងតាមសារព័ត៌មាន JoongAng Ilbo បានឲ្យដឹងថា លោក Lee Sang-min (លី សាន-មីន) បានប្រាប់ថា លោកកំពុងចុះចេញពីតំណែង «ជាការទទួលស្គាល់យ៉ាងធំធេងនៃការទទួលខុសត្រូវ ចំពោះការដែលមិនអាចបម្រើសាធារណៈ និងប្រធានាធិបតីឲ្យបានល្អ»។ សារព័ត៌មាននេះបានឲ្យដឹងបន្ថែមថា ប្រធានាធិបតី Yoon Suk Yeol បានទទួលយកសំណើលាលែងពីតំណែងរបស់លោកហើយ។
លោក Lee និងលោក Yoon ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានស៊ើបអង្កេតពីបទបះបោរ បន្ទាប់ពីមានការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ។ លោក Yoon ដែលនៅរួចខ្លួនយ៉ាងប្រផុតប្រផើយពីញត្តិចោទប្រកាន់ ក្នុងសភា កាលពីថ្ងៃទី៧ ខែធ្នូ ត្រូវបានបង្ខំលុបចោលច្បាប់អាជ្ញាសឹក បន្ទាប់ពីសមាជិកសភាបានបោះឆ្នោតទម្លាក់ក្រឹត្យរបស់លោក។
នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះដែរ នគរបាលបានចាប់ខ្លួនលោក Kim Yong-hyun ដែលជារដ្ឋមន្ត្រីការពារជាតិនៅពេលមានប្រតិបត្តិការច្បាប់អាជ្ញាសឹក។ លោក Kim ត្រូវបានដាក់បម្រាមមិនឲ្យធ្វើដំណើររួចហើយ៕